ភ្នំពេញ៖ ចៅក្រមស៊ើបសូរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ ទី ២២ ខែ តុលា ឆ្នាំ ២០២១នេះ បានសម្រេចបញ្ជូនខ្លួន ជនត្រូវចោទ ឈ្មោះ អេង អូន ភេទ ប្រុស អាយុ ៤២ ឆ្នាំ មានមុខរបរជា មន្ត្រីយោធាបម្រើការនៅ កងទ័ពអាកាសកងកេង ខេត្តព្រះសីហនុ និង ជាប្រធានក្រុមហ៊ុនសំណង់ និង អចលនវត្ថុ មួយ ទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ ដោះ ស្រាយ តាមផ្លូវច្បាប់ បន្ទាប់ពីតុលាការបានបញ្ចប់ ការសាកសួរចម្លើយគាត់ និង រកឃើញមានតម្រុយ នៃ បទល្មើស។
សមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌ កម្រិតស្រាលរាជធានីភ្នំពេញ បានអោយដឹងថា នៅក្នុងរឿងក្តីគាត់នេះ, ឈ្មោះ អេង អូន ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ចំនួន៣បទល្មើស គឺ « បទគំរាមកំហែងថានឹងសម្លាប់, បទរំលោភលើទំនុកចិត្ត និង បទ ឆបោក» តាមបញ្ញត្តិមាត្រា ២៣៣, ៣៧៧, ៣៧៧, ៣៩១ និង ៣៩២ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តនៅក្នុងខេត្តកំពត, ខេត្តព្រះសីហនុ និង រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ និង ២០២១ ។
សមត្ថកិច្ចនគរបាលបានបន្ថែមថា ឈ្មោះ អេង អូន ត្រូវបានចាប់ឃាត់ខ្លួន ដោយកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និង ដោយអនុវត្តតាមដីការបស់បង្គាប់អោយនាំខ្លួន របស់លោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមសើបសួរសាលាដំបូង រាជធានី កាលពីព្រឹក ថ្ងៃ សុក្រ ទី ២២ ខែ តុលា ឆ្នាំ ២០២១។
ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះ ឈ្មោះ អេង អូន មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ៕
ដោយ រស្មី អាកាស