ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ានពិនិត្យ លទ្ធភាពបង្កើនសកម្មភាព ពាណិជ្ជកម្ម និងវិនិយោគកាន់តែច្រើនឡើងថែមទៀត លើវិស័យមានសក្តានុពលនានា នៅកម្ពុជា។
ក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយ ប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូសន្និសីទ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ សម្ដេច ស ខេង បានថ្លែងថា តាមរយៈការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធនៅលើវិស័យសំខាន់ៗ ដូចជា សន្តិសុខ ពាណិជ្ជកម្ម សុខាភិបាល ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ជាដើម នឹងបន្តបង្កើតបាន និងពង្រីកបន្ថែមទៀតនូវឱកាសក្នុងកិច្ចសហការទ្វេភាគី និងពហុភាគី ដើម្បីរួមចំណែកដល់ការស្ដារឡើងវិញយ៉ាងឆាប់រហ័សនូវស្ថានភាព សេដ្ឋកិច្ចសង្គមសម្រាប់កម្ពុជា និងសហរដ្ឋអាមេរិក ដ៏ដូចជាតំបន់អាស៊ាន និងសកលលោកទាំងមូលផងដែរ។
សម្ដេចបញ្ជាក់ថា «អំពាវនាវ និងជំរុញលើកទឹកចិត្តដល់ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ក្នុងការពិនិត្យលទ្ធភាពបង្កើនសកម្មភាព ពាណិជ្ជកម្ម និងការវិនិយោគកាន់តែច្រើនឡើងថែមទៀត លើវិស័យដែលមានសក្តានុពលនានានៅព្រះរាជាណាចក្រកម្ពុជា»។
សម្ដេច បានបន្ដថា រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យដែលស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួង មហាផ្ទៃ ដើម្បីចូលរួមគាំទ្រដល់ការសម្រេចបាននូវគោលដៅសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រដល់ការបំពេញតួនាទីរបស់កម្ពុជា ជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាពផងដែរ៕



