នយោបាយ

ស្មារតី-ឆន្ទៈ បង្រួបបង្រួមជាតិ របស់សម្តេចសីហនុ និងសម្តេច ហ៊ុន សែន បានផ្តល់គុណតម្លៃសម្រាប់ ប្រជាជនកម្ពុជាគ្រប់ជំនាន់

ភ្នំពេញ៖ អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានថ្លែងថា តាមរយៈស្មារតី និងឆន្ទៈក្នុងដំណើរការផ្សះផ្សារ បង្រួបបង្រួមជាតិខ្មែរ របស់សម្តេចព្រះបាទនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន គឺពិតជាបានផ្តល់នូវមេរៀន និងគុណតម្លៃដ៏សំខាន់ មិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ។

ក្នុងឱកាសអបអរសាទរ ខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស លោក ហ៊ុន ម៉ានី បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៣ តុលានេះថា ផ្តើមចេញពីជំនួប របស់ឥស្សរជនសំខាន់២ រូប គឺសម្តេចព្រះបាទនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅ Fère-en-Tardenois ប្រទេសបារាំង ក្នុងឆ្នាំ១៩៨៧ ជំនួបនេះ បានក្លាយជាមូលដ្ឋាន ដែលនាំឱ្យមានកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងឈានទៅដល់ការ សម្រេចបានជោគជ័យ ក្នុងដំណើរស្វែងរកសុខសន្តិភាព ពេញបរិបូរណ៍សម្រាប់កម្ពុជា នាឆ្នាំ១៩៩៨ ក្រោមការអនុវត្ត «នយោបាយឈ្នះ ឈ្នះ»។

លោក ហ៊ុន ម៉ានី បញ្ជាក់ថា «តាមរយៈស្មារតី និងឆន្ទៈក្នុងដំណើរការផ្សះផ្សា បង្រួបបង្រួមជាតិខ្មែរ របស់ឥស្សរជនទាំងពីររូប គឺពិតជាបានផ្តល់នូវមេរៀន និងគុណតម្លៃដ៏សំខាន់មិនអាចកាត់ថ្លៃ បានសម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ដើម្បីស្វែងយល់ពីតម្លៃនៃសុខសន្តិភាព និងសមិទ្ធផលនានាដែលកើតចេញ ការអភិវឌ្ឍឥតឈប់ឈរ មកទល់ពេលបច្ចុប្បន្ន បន្តទៅថ្ងៃអនាគត» ។

លោកបន្ថែមថា ជាក់ស្តែង ធនប័ត្រអនុស្សាវរីយ៍ ៣០០០០រៀល ដែលមានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុនសែន ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យចរាចរ និងប្រើប្រាស់ជាផ្លូវការ ក្នុងឱកាសអបអរខួប ៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំ នៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នាពេលថ្មីៗនេះ គឺជាសក្ខីភាពបញ្ជាក់ពីការដឹងគុណ និងចងចាំជានិច្ចចំពោះបេសកកម្ម ដ៏ថ្លៃថ្លាក្នុងការទាមទារ និងស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា ក្រោមការដឹកនាំរបស់ឥរស្សជនទាំងពីរ ៕

To Top