ព័ត៌មានជាតិ

លើកលែង​ការ ធ្វើចត្តាឡីស័ក ចំពោះគ្រូពេទ្យ និងក្រុមផ្ដល់សេវាជួរមុខ អនុវត្តតាមវិធានការ សុខាភិបាល

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានលើកលែង ការធ្វើចត្តាឡីស័ក ចំពោះក្រុម គ្រូពេទ្យ និងក្រុមផ្ដល់សេវាជួរមុខ ដែលអនុវត្តតាមវិធានការ សុខាភិបាលខ្ជាប់ខ្ជួន ក្នុងពេលបំពេញការងារ ហើយឈប់សម្រាក៤ថ្ងៃ មុននឹងវិលចូល បម្រើការងារ នៅអង្គភាពដើមវិញ។

យោងតាមលិខិត របស់ក្រសួង សុខាភិបាល នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា «លើកលែងការធ្វើចត្តាឡីស័ក ចំពោះក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខ ដែលបានអនុវត្តតាមវិធានការ សុខាភិបាលខ្ជាប់ខ្ជួន ក្នុងពេលបំពេញការងារ និងទទួលបានលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន PCR (-) ក្រោយបញ្ចប់ភារកិច្ច នៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ហើយក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខទាំងនេះ ត្រូវបានអនុញ្ញាត ឲ្យមានការឈប់ សម្រាករយៈពេល ៤ថ្ងៃ មុននឹងវិលចូលបម្រើការងារ នៅអង្គភាពដើមវិញ»។

ក្រសួងបន្ដថា លើកលែងការធ្វើចត្តាឡីស័ក ចំពោះក្រុមគ្រូពេទ្យ និង អ្នកផ្តល់សេវាទូទៅ ដែលមិនមែនជាក្រុមផ្តល់ សេវាជួរមុខ ប៉ុន្តែមានការចាំបាច់ ត្រូវធ្វើអន្តរាគមន៍ វេជ្ជសាស្ត្រ ដូចជា ការវះកាត់ ឬការផ្តល់សេវានានា ដល់អ្នកជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាល ក្នុងរយៈពេលខ្លី ហើយបានប្រើប្រាស់ សម្ភារៈ និងឧបករណ៍ការពារខ្លួន (PPE) កម្រិត៣ បានត្រឹមត្រូវ។

ក្រសួង ក៏បានបញ្ជាក់ទៀតថា ចំពោះក្រុមគ្រូពេទ្យ និង ក្រុមផ្តល់សេវាជួរមុខ ដែលប៉ះពាល់ផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ដែលមិនបានអនុវត្តត្រឹមត្រូវ តាមវិធានការសុខាភិបាល ត្រូវធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ (គិតចាប់ពីថ្ងៃ ដែលបានប៉ះពាល់) នៅផ្ទះ ឬនៅតាមទីតាំង ដែលបានកំណត់ទុក៕

To Top