ព័ត៌មានជាតិ

គម្រោងផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចបាន ៨៣% និងគ្រោងបញ្ចប់ នៅចុងឆ្នាំនេះ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំ ការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ បច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពគម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខណៈផ្លូវនេះ សម្រេចបាន ៨៣,៨៧%។

យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋាន បច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា «វឌ្ឍនភាពគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឬរយៈពេលជាង ១១ខែ សម្រេចបាន៨៣,៨៧%នៃទំហំការងារសរុប (២% លឿនជាងផែនការ)។ គម្រោងនេះគ្រោងបញ្ចប់ការស្ថាបនា នៅចុង ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ»។

គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែ ក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុង សៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុង ដ៏ទំនើបពោរពេញ ដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការ រស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវ ទេសចរណ៍បានកាន់តែច្រើន សំដៅលើកស្ទួយ សេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរ ឡើងដល់ តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាប ទៅកាន់តំបន់ដាច់ស្រយាលផងដែរ ។

ថ្លែងទៅកាន់ក្រុមអ្នកជំនាញបច្ចេកទេស និងថ្នាក់ដឹកនាំ នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានថ្លែងថា ខណៈពេលដែលក្រសួង មានសម្ភារៈ ត្រួតពិនិត្យបច្ចេកទេសបច្ចេកវិទ្យាទំនើបមួយចំនួន ហើយនោះ ក្រសួងក៏បានបញ្ជាទិញ សម្ភារៈត្រួតពិនិត្យ មួយចំនួនទៀត យកមកប្រើប្រាស់ ដើម្បីធានាថា ផ្លូវទាំង ៣៨ខ្សែត្រូវបានសាងសង់ស្របតាម លក្ខណៈបច្ចេកទេស ជាប់គង់វង្សយូអង្វែង។

សូមបញ្ជាក់ថា គម្រោងកែលម្អហេដ្ឋា រចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិ សរុបប្រមាណជាង ១៤៩.២១៦.៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន ៩លានដុល្លារអាមេរិក ចំណាយលើការងារ ចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែ ផ្លូវទាំង៣៨នេះ ចំណាយ ពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធ បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕

To Top