បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រី៣នាក់ ជនជាតិថៃ ១នាក់ ខ្មែរ២នាក់ ត្រូវបានកម្លាំងនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង នគរបាលស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនពាក់ពន្ធ័ករណី ជួញដូរគ្រឿងញៀន និងដកហូតបានថ្នាំញៀន ២៥ដុំ ទម្ងន់ ស្មើ២៤ គីឡូក្រាមនិងថ្នាំWY ចំនួន៤កញ្ចប់ ស្មើ ៨៨៨.១៥ក្រាម បានបញ្ជូនទៅតុលាការ ចាត់ការបន្ត នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ។
លោកវរសេនីយឯក ធិន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំង គ្រឿងញៀន បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចបាន ឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ រួមមាន ១-ឈ្មោះ SUCHAT WANSUWONG ភេទប្រុស គ្មានលិខិតឆ្លងដែន (ជនជាតិថៃ) ស្នាក់នៅផ្ទះជួល ខេត្តសៀមរាប ឃាត់ខ្លួននៅចំនុចផ្លូវ៥៩ នៅភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត យោង ចម្លើយសារភាព ជនជាតិថៃ សមត្ថកិច្ចបានដំណើរ ការនិតិវិធី សហការជាមួយកម្លាំង នគរបាលប្រឆាំងគ្រឿងញៀន ខេត្តសៀមរាប បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ជាមេខ្លោងបាន២នាក់១-ឈ្មោះ លាង ម៉ាប់ ហៅទូច ភេទប្រុស អាយុ៤៥ឆ្នាំ ជាប្តី និង២- ឈ្មោះ ឡុង សុខឡេង ភេទស្រី អាយុ២៥ឆ្នាំ ជាប្រពន្ធ នៅផ្ទះគ្មានលេខ១កន្លែង ក្នុងបុរីអចលនទ្រព្យអង្គរ ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប យកមកសួរនាំ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ប្រតិបត្តិការបង្ក្រាបនេះ មានការសម្របសម្រួលនិតិវីធី ពីឯកឧត្តម កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តលោកបានដឹកនាំកម្លាំង សហការជាមួយលោកឧត្តមសេនីយ៍ទោ អ៊ិន ស៊ុង នាយករង មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបន្តចុះឆែកឆេរផ្ទះ ជនសង្ស័យឈ្មោះ លាង ម៉ាប់ ១កន្លែងទៀត នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត និង ដកហូតបានវត្ថុតាង ទូរដែកចំនួន២ មិនទាន់បើក ប្រាក់ខ្មែរ៧.៨០.០០០រៀល ប្រាក់ថៃ២៦៣៥០បាត ប្រាក់អាមេរិក ៨៨៥ដុល្លា សៀវភៅកំណត់ ហេតុ៥ក្បាល ដកហូតបាន រថយន្ត១គ្រឿង ស្លាកលេខ 2AX-7997 គ្រឿងអលង្គការ និងឯកសាររថយន្តមួយចំនួនផងដែរ។
បច្ចុប្បន្នក្រោយសួនាំ ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការបន្តតាមច្បាប់៕