ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ
កាលពីព្រឹកថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍ ពិរុទ្ធជនគ្រឿងញៀន ចំនួន ២នាក់ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស ដាក់ពន្ធធានាគារ ម្នាក់ៗ កំណត់ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក និង ជួញដូរគ្រឿងញៀនទម្ងន់ជាង កន្លះ គីឡូក្រាម ប្រព្រឹត្តនៅក្នុងខណ្ឌទួលគោក, រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៦។
លោកស្រី ទិតសុទ្ធី បូរ៉ាល័ក្ខណ៍ ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានថ្លែងអោយដឹងថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទទាំង២នាក់ មានឈ្មោះ ឡោង សុធារិទ្ធ ភេទ ប្រុស រស់នៅភូមិ ២ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ និង ម្នាក់ទៀត មាន ឈ្មោះ គីម សុខហៃ ភេទប្រុស រស់នៅភូមិ ២ សង្កាត់ផ្សារដេប៉ូ , ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោកជំទាវចៅក្រមបានបញ្ជាក់ថា ពួកគេទាំង២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៧ កាត់ទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ៣០ ឆ្នាំ ពីបទ ” រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន” តាមបញ្ញាតិ មាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
តែពួកគេបានប្តឹងជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានី ភ្នំពេញ មកកាន់សាលាឧទ្ធរណ៍។
ពួកគេទាំង២នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្ទះសំណាក់ មួយ កន្លែង ដែលមានទីតាំង សិត្ថក្នុងសង្គាត់ផ្សារដេប៉ូ ទួលគោក រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ដកហូតបានគ្រឿងញៀន ចំនួន ២១ កព្ចាប់ មានទម្ងន់សរុប ៥០០, ២៧ ក្រាម។
នាពេលសវនាការ ជនជាប់ចោទទំាងពី បានឆ្លើយសារភាពថា ពួកគេទំាងពិតជាបានប្រព្រឹត្ត ដូចការចោទប្រកាន់មែន ។
សាលាឧទ្ធរណ៍ រាជធានីភ្នំពេញនឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១៕ដោយ រស្មី អាកាស