នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃទី១៦ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបន្តបេសកកម្មចុះត្រួតពិនិត្យការងារនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមសង្កាត់ចំនួន៥ ក្នុងរាជធានីភ្នំពេញ រួមមាន៖ សង្កាត់គោកឃ្លាង សង្កាត់គ្រាំងធ្នង់ សង្កាត់គោករកា សង្កាត់បាក់ខែង និងសង្កាត់ជ្រោយចង្វារ ។
ការចុះពិនិត្យការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតរបស់ប្រធាន គ.ជ.ប ធ្វើឡើងក្នុងគោលបំណងឈ្វេងយល់ពីស្ថានភាពជាក់ស្តែង ក៏ដូចជាបញ្ហាប្រឈមនានាក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដែលក្រុមចុះឈ្មោះបោះឆ្នោត និងក្រុមប្រឹក្សាឃុំ សង្កាត់ បានជួបប្រទះ (ជាពិសេសប្រជាពលរដ្ឋដែលមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត)។
នាឱកាសនោះដែរ លោកប្រធាន គ.ជ.ប បានធ្វើការណែនាំដល់ក្រុមចុះឈ្មោះបោះឆ្នោត និងក្រុមប្រឹក្សាឃុំសង្កាត់ ថា ក.ច.ប និង កបឃ.ស ជាតំណាងរបស់ គ.ជ.ប ក្នុងការអនុវត្តការងារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដូច្នេះត្រូវមានឆន្ទៈមោះមុតក្នុងការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន និងអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ បទបញ្ជា នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តនានារបស់ គ.ជ.ប ធ្វើយ៉ាងណាឱ្យការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នេះ ប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ ធានាបាននូវបញ្ជីបោះឆ្នោតដែលមានភាពត្រឹមត្រូវ ពេញលេញ និងមានបច្ចុប្បន្នភាព។
ឯកឧត្តមប្រធាន ក៏បានសួរសុខទុក្ខ និងក្រើនរំលឹកដល់ ក.ច.ប និង កបឃ.ស ត្រូវធ្វើយ៉ាងណា ធានាសុវត្ថិភាពសម្រាប់ខ្លួនឯង និងប្រជាពលរដ្ឋដែលអញ្ជើញមកចុះឈ្មោះបោះឆ្នោតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលបានដាក់ចេញ។
លោក បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ សូមប្រញាប់រួសរាន់ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែតម្រូវទិន្នន័យ ប្រសិនបើមានកំហុសឆ្គង។ ហើយប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) ឬប្រជាពលរដ្ឋដែលបានផ្លាស់ប្ដូរលំនៅឋាន ឬទីសំណាក់ ឬដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ការអំពាវនាវរបស់លោកប្រធាន ដូចនេះ គឺស្របពេលដែលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នៅសល់ត្រឹមតែ ៣៤ថ្ងៃទៀតតែប៉ុណ្ណោះ នឹងត្រូវបិទបញ្ចប់៕