ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ជាមួយភាគីវៀតណាម ដឹកនាំដោយលោក ផាម ប៊ីញ មីញ ឧបនាយករដ្ឋមន្ដ្រីប្រចាំការវៀតណាម។


សម្ដេច ស ខេង បានថ្លែងថា កិច្ចប្រជុំលើកទី១១ នេះ បានប្រព្រឹត្តិទៅដោយរលូន និងទទួលបានលទ្ធផលជាទីមោទកក្នុងបរិយាកាសល្អ សាមគ្គីភាព មិត្តភាព ជាប្រពៃណី ក្នុងស្មារតីជួយគ្នាទៅវិញទៅមក ក្នុងលក្ខណៈជាប្រទេសជិតខាងដ៏ល្អ ។

ដោយឡែក លោក ផាម ប៊ីញ មីញ បានបញ្ជាក់ថា លទ្ធផលទទួលបានក្នុងកិច្ចប្រជុំលើកទី១១នេះ គឺជាការបញ្ជាក់ឲ្យឃើញពីការប្ដេជ្ញាចិត្តខ្ពស់ របស់រដ្ឋាភិបាលប្រទេសទាំងពីរ ក៏ដូចជា បណ្ដាលខេត្តជាប់ព្រំដែនរវាងវៀតណាម-កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការតាមតំបន់ព្រំដែន ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍ឲ្យក្រសួងមហាផ្ទៃ ដឹកនាំប្រតិភូកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ៕
