ព័ត៌មានជាតិ

សម្តេចតេជោ ៖ ពេលកម្ពុជា ធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងខិតខំឲ្យសម្រេចបាន សមិទ្ធផលសំខាន់ៗ ថែមទៀត

ភ្នំពេញ ៖ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំកិច្ចខិតខំប្រឹងប្រែង រួមរបស់អាស៊ាន ដើម្បីឈានទៅសម្រេចបាន នូវសមិទ្ធផលសំខាន់ៗថែមទៀត ជាពិសេសជំរុញសន្ទុះ នៃដំណើរការកសាង សហគមន៍ អាស៊ាន ប្រកបដោយសមធម៌ រឹងមាំ និងបរិយាបន្ន ស្របតាមស្មារតី ស្នូល របស់អាស៊ាន គឺចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ ។

ក្នុងពិធីប្រគល់តំណែង ប្រធានអាស៊ានជូនកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ សម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជាគូសរំលេចពីអាទិភាព ការងារមួយចំនួន ដើម្បីសម្រេច បានសម្រាប់ឆ្នាំ២០២២ ដូចជា ៖ ទី១. សសរស្ដម្ភនយោបាយ និងសន្តិសុខ គឺកម្ពុជា នឹងយកចិត្តទុកដាក់ពង្រឹង មជ្ឈភាពអាស៊ាន និងឯកភាពអាស៊ាន, ទាំងក្នុងយន្តការតំបន់ និងទាំងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូខាងក្រៅ, ដោយឈរលើមាគ៌ា និងគោលការណ៍របស់អាស៊ាន ។

ទី២. សសរស្ដម្ភសេដ្ឋកិច្ច គឺកម្ពុជានឹងជំរុញការ អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវរាល់គំនិតផ្តួចផ្តើម និង វិធានការ ដែលបានឯកភាពគ្នា និងទាញយកផលប្រយោជន៍ ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដើម្បីស្ដារកំណើន សេដ្ឋកិច្ចបានឆាប់ ក្នុងពេលរស់ជាមួយកូវីដ-១៩ ក្នុងប្រក្រតីភាពថ្មី និង ធានាអាស៊ាន នៅតែជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគ ។

ទី៣. សសរស្តម្ភសង្គម-វប្បធម៌ គឺកម្ពុជា នឹងជំរុញការអភិវឌ្ឍធនធានមនុស្ស ឆ្លើយតបនឹងតម្រូវការ ជាក់ស្ដែងក្នុងការកសាងសហគមន៍ ។

សម្តេចបន្តថា សរុបជារួម គឺកម្ពុជានឹងបន្តកៀរគរការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចគោលដៅ នៃការកសាង សហគមន៍អាស៊ានទាំងបី តាមទស្សនវិស័យសហគមន៍ អាស៊ានឆ្នាំ២០២៥ ។

នាយករដ្ឋមន្រ្តីថា ក្នុងនាមជាប្រធាន អាស៊ាន ឆ្នាំ២០២២ កម្ពុជាប្តេជ្ញាចិត្តដឹកនាំអាស៊ាន បោះជំហានទៅមុខក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈម ទាំងអស់គ្នា (ASEAN A.C.T. Addressing Challenges Together)» ដើម្បីភាពសុខដុមរមនា, សន្តិភាព និង វិបុលភាព ក្នុងតំបន់ទាំងមូល ។ ខ្ញុំទន្ទឹងរង់ចាំស្វាគមន៍ ថ្នាក់ដឹកនាំទាំងអស់យ៉ាងកក់ក្តៅ នៅកម្ពុជា ឆ្នាំ២០២២ ៕

To Top