ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់ការអនុគ្រោះចំពោះការបង់ប្រាក់ជំពាក់លើកម្រៃអាកាសចរស៊ីវិល ដោយពន្យាររយៈពេល ៣ខែបន្ថែមទៀត ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។
យោងតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា បន្តលើកលែងការបង់ពន្ធអប្បបរមា (Minimum Tax) សម្រាប់រយៈពេល ៣ខែបន្ថែមទៀត ពីខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២១ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា។
រាជរដ្ឋាភិបាល បានបញ្ជាក់ថា «បន្តផ្តល់ការអនុគ្រោះចំពោះការបង់ប្រាក់ជំពាក់លើកម្រៃអាកាសចរស៊ីវិល ដោយពន្យាររយៈពេល ៣ខែបន្ថែមទៀត ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១។ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវសេចក្ដីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួន ឱ្យមាន ប្រសិទ្ធភាពខ្ពស់បំផុត»។
ជាងនេះទៅទៀត រាជរដ្ឋាភិបាល នឹងបន្តតាមដានជាប្រចាំ នូវស្ថានភាពនៃជំងឺកូវីដ-១៩, លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកល, តំបន់ និងក្នុងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យសំខាន់ៗ ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់នានា ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសធានាបាននូវចីរភាពនៃភាពស៊ាំសង្គម-សេដ្ឋកិច្ច និង ការរៀនផ្លាស់ប្ដូរឥរិយាបថដើម្បីសម្របខ្លួនតាមគន្លងប្រក្រតីភាពថ្មី ក្រោមក្របខណ្ឌនៃផែនការយុទ្ធសាស្ត ស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទជំងឺគូ ៦៩ និងផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុង និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕