ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានចាត់ទុកអ្នកសារព័ត៌មាន ដើរទន្ទឹមនឹងយុទ្ធជនអាវ ស (ពេទ្យ) ក្នុងការផ្សព្វផ្សាយនូវយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ប្រកបដោយជោគជ័យ និងទទួលខុសត្រូវ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា កូវីដ-១៩ គឺជាមហន្តរាយមួយចំពោះប្រទេសជាតិ និងក្រុមគ្រួសារជាច្រើន ប៉ុន្តែទន្ទឹមនឹងនេះ វាបានក្លាយជាវិញ្ញាសាមួយសម្រាប់ប្រជាជាតិដែរ។ លោកថា «នោះគឺវិញ្ញាសា វិន័យ និងសាមគ្គីភាព»។
លោក បានបញ្ជាក់ថា ប្រជាជនកម្ពុជាបានចំណាយធនធានជាមួយរាជរដ្ឋាភិបាល ដើម្បីទិញសម្ភារៈ វ៉ាក់សាំង បរិក្ខារពេទ្យ ក្នុងយុទ្ធនាការកំចាត់ការរាតត្បាតនៃជំងឺឆ្លងដ៏សាហាវនេះ។
លោក បានថ្លែងថា «ក្នុងយុទ្ធនាការ ដែលមានការដឹកនាំយ៉ាងប្រាកដប្រជារបស់ សម្តេចតេជោ ហ៊ុន សែន ក្រុមគ្រូពេទ្យទាំងស៊ីវិល ទាំងយោធា បានដើរតួនាទីយ៉ាងសំខាន់នៅជួរមុខ ។ តែទន្ទឹមនឹងនេះ យើងក៏មានជួរអ្នកាសែតប្រកបដោយវិជ្ជាជីវៈ ដែលបានដើរទន្ទឺមនឹងយុទ្ធជនអាវ ស ដើម្បីបំផុសការយល់ដឹង និង ស្មារតី ទទួលខុសត្រូវ របស់ប្រជាជនកម្ពុជាក្នុងការចូលរួមធ្វើឲ្យយុទ្ធនាការនេះប្រកបដោយជោគជ័យ ទោះបី ជាមានអ្នកកាសែតមួយចំនួនតូច ដែលពុលតាមសត្រូវសន្តិភាពកម្ពុជាប្រឹងអុកឡុកយ៉ាងណាក្តី»។
លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា ដើម្បីរំលឹកសកម្មភាពជាប្រវត្តិសាស្ត្ររបស់សហការីក្នុងក្រសួងព័ត៌មាន បានចងក្រងសៀវភៅនេះ ទុកជាអនុស្សាវរីយ៍ជារៀងរហូតទៅ៕