ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានប្រកាសសាលក្រម និងផ្តន្ទាទោសជនជាប់ចោទ ជាជនជាតិបរទេស ចំនួន៣នាក់ ក្នុងនោះមានជនជាតិឥណ្ឌាម្នាក់, ជនជាតិសិង្ហបុរីម្នាក់, និងជនជាតិស្រីលង្កាម្នាក់ ដោយសម្រេចដាក់ ទោសពួកគេនៅក្នុងពន្ធនាគារ ក្នុងម្នាក់ៗកំណត់ពី២ ទៅ២ឆ្នាំនិង៦ខែ ជាប់ពាក់ព័ន្ឌនឹងបទល្មើស ឆបោកមានស្ថានទម្ងន់ទោស និងការសម្អាតប្រាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ នៅក្នុងអំឡុងឆ្នាំ២០២០ និង២០២១ ។
យោងតាមការប្រកាស សាលក្រមរបស់ចៅក្រមសុង ប៊ុណ្ណារិ ទ្ធិ ជាចៅក្រម ជំនុំជម្រះសាលាដំបូង រាជធានីភ្នំពេញ បានអោយដឹងថា ជនជាប់ចោទ ជនជាតិបរទេស ទាំង៣នាក់នេះ មានឈ្មោះ ទី១ -ឈ្មោះ Goyal sandeep Kumar ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិឥណ្ឌា , និងទី២- ឈ្មោះ Tai kokpoh ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិសិង្ហបុរី។ ជនជាប់ចោទទាំង២នាក់នេះ ត្រូវបានតុលាការ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់២ឆ្នាំក្នុងម្នាក់ៗ។
ជនជាប់ទី៣- មានឈ្មោះ Mohibeen Lebe Mohammas Maharof ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិស្រីលលង្កា ។ ត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់២ឆ្នាំនិង៦ខែ ។
ជនជាប់ចោទទាំង៣នាក់ ត្ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: ” ឆបោកមានស្ថានទម្ងន់ទោស និងការសម្អាតប្រាក់” តាមបញ្ញាតិមាត្រា៣៧៧ មាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម ២០២១។
ពួកគេត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នៅក្នុងខណ្ឌដូនពេញ៕ ដោយ រស្មី អាកាស