ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបាត់ដំបូង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ បានចេញដីកាបង្គាប់អោយឃុំខ្លួន យុវជនត្រូវចោទម្នាក់ ដែលសង្ស័យជាបងធំ និងជាជាមេឃ្លោង នៃពួកក្មេងអន្ធពាលមួយក្រុម ដែលមានសមាជិកក្រុម ប្រមាណ ១០០នាក់ និងមានរហ្សនាមថាក្រុម «ហៃវេបាណន់» និងបានបញ្ជូនខ្លួនគាត់ ទៅដាក់នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងករណី «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ប្រព្រឹត្តកាលពីដើមខែកក្ដដាកន្លងទៅនេះ នៅម្ដុំសួនច្បារសម្ដេចក្រឡាហោម ស ខេង ស្ថិតក្រុងបាត់ដំបង។
យោងតាមដីកាតុលាការ បានអោយដឹងថា ជនត្រូវចោទឈ្មោះ ម៉ា ចិន្ត្រា (ចិត្រា) ហៅម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ។
ជនត្រូវចោទ ត្រូវបានតំណាងអយ្យការ អមសាលាដំបូងខេត្ត ចោទប្រកាន់ពីបទ : ហិង្សាដោយចេតនាមានស្ថានទំងន់ (ដោយបានប្រព្រឹត្តអំពើហិង្សា ដ៏ឃោរឃៅទៅលើភាគីម្ខាងទៀត) ប្រព្រឹត្តកាលពីយប់ថ្ងៃទី៦ កក្កដា ឆ្នាំ២០២១ នៅលើសួនច្បារសម្ដេច ក្រឡាហោម ស ខេង ស្ថិតក្នងក្នុងក្រុងបាត់ដំបង, ខេត្តបាត់ដំបង។
ជនត្រូវចោទត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៨ តុលា នៅចំណុច ផ្ទះសំណាក់មួយកន្លែង ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង យោងតាមដីការបស់តុលាការ៕ដោយ រស្មី អាកាស