ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ដំណាំស្រូវ ចំនួន៧០ ៥៨៤ហិចតា ក្នុងខេត្តចំនួន៤ (បាត់ដំបង បន្ទាយមានជ័យ រតនគិរី និងកណ្តាល) បានទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ខណ:រាជរដ្ឋាភិបាលត្រៀមបញ្ចេញគ្រាប់ពូជស្រូវអន្តរាគមន៍ជំហានទី១ ចំនួន១ ០២៨,៥ តោន ជូនដល់កសិករ ក្នុងខេត្តចំនួនពីរ (បាត់ដំបង បន្ទាយមានជ័យ)។
នៅលើគេហទំព័រហ្វេសប៊ុក លោក វេង សាខុន បានលើកឡើងថា បើតា មលទ្ធផលនៃការចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ ដោយសារទឹកជំនន់នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ខេត្តរតនគិរី និងខេត្តកណ្តាល ដែលទទួលបាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ រួមមាន៖
១. ខេត្តបន្ទាយមានជ័យ៖ ដោយសារឥទ្ធិពលនៃព្យុះបង្កឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងទទួលទឹកជំនន់មកពីប្រទេសថៃចាប់ពីថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០២១ ដែលបានធ្វើឲ្យស្រុកចំនួន៣ បានរងផលប៉ះពាល់ដំណាំស្រូវឡើងទឹក និងស្រូវកណ្តាល លើផ្ទែដីសរុបចំនួន ៣៧ ២២៣ ហ.ត និងខូចខាតអស់សរុបចំនួន ២៤ ៦៦១ ហ.ត។
២. ខេត្តបាត់ដំបង៖ មានស្រុកចំនួន៥ ដែលបានទទួលរងផលប៉ះពាល់ដោយជំនន់គឺ ស្រុកថ្មគោល បវេល មោងឫស្សី ឯកភ្នំ និងស្រុករុក្ខគីរី ដែលក្នុងនោះ ផ្ទៃដីដំណាំស្រូវដែលប៉ះពាល់សរុបមានចំនួន ២៨ ៨៥៧ ហ.ត និងខូចខាតទាំងស្រុង មានចំនួន ១៤ ៧០៤ ហ.ត។
៣. ខេត្តរតនគិរី៖ ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងលើដំណាំស្រូវ គ្រប់ដណ្តប់លើឃុំចំនួន១៩ ដែលមានផ្ទៃដីដាំដុះចំនួន ៣ ៩៧១ ហ.ត ក្នុងនេះមានការខូចខាតចំនួន ៥១១ ហ.ត ស្ថិតក្នុងស្រុកចំនួន៥ គឺស្រុកលំផាត់ ស្រុកកូនមុំ ស្រុកវ៉ើនសៃ តាវែង និង ស្រុកអូរយ៉ាដាវ។
៤. ខេត្តកណ្តាល៖ បានទទួលរងផលប៉ះពាល់ផ្ទៃដីដាំដុះ ដំណាំស្រូវសរុបចំនួន ១ ៧០២ ហ.ត និងបានធ្វើឲ្យខូចខាត ចំនួន ១៧៧ ហ.ត ស្ថិតនៅក្នុងស្រុកចំនួនពីរ៖
- គ្រោះរាំងស្ងួត៖ បានធ្វើឲ្យប៉ះពាល់ស្រូវរដូវវស្សាសរុបចំនួន ១ ១៦៩ ហ.ត ខូចខាត ១៧៧ ហ.ត
-គ្រោះទឹកជំនន់៖ បានធ្វើឲ្យប៉ះពាល់ស្រូវរដូវវស្សាសរុបចំនួន ៥៣៣ ហ.ត ស្ថិតនៅក្នុងឃុំរកា និងឃុំដើមឬស ។ បច្ចុប្បន្នដំណាំស្រូវទាំងនោះពុំទាន់ មានការខូចខាតនៅឡើយទេ ។
លោក វេង សាខុន បានឱ្យដឹងថា មកដល់ពេលនេះ អគ្គនាយកដ្ឋានកសិកម្ម បានទទួលលិខិតអនុញ្ញាត បញ្ចេញគ្រាប់ពូជស្រូវអន្តរាគមន៍ជំហានទី១ ពីលេខាធិការដ្ឋានប្រព័ន្ធស្បៀងបម្រុង កម្ពុជា ចំនួន១ ០២៨,៥ តោន ជូនដល់កសិករ ក្នុងខេត្តបន្ទាយមានជ័យចំនួន ៣៧៥ តោន និងខេត្តបាត់ដំបង ៦៥៣,៥ តោន៕