ព័ត៌មានជាតិ

បទវិភាគ៖ ប្រកាន់ខ្ជាប់ ពហុភាគីនិយម ពិតប្រាកដ ជំរុញការអភិវឌ្ឍ រួមរបស់អាស៊ីបូព៌ា

នាពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦ បានបិទបញ្ចប់ ។ ក្នុងកិច្ចប្រជុំកំពូលលើកនេះ ដែលរៀបចំធ្វើតាមប្រព័ន្ធវីដេអូ ប្រទេសចិនបានលើកឡើង នូវសំណើនិងគំនិតផ្តួចផ្តើមជាច្រើន ដូចជាការចាប់ដៃគ្នាប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺកូវីដ១៩ ការជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ ដោយគ្រប់ជ្រុងជ្រោយ ការជំរុញការអភិវឌ្ឍន៍បៃតង និងការផ្តល់ការគាំទ្រដល់តួនាទី​ ជាស្នូលរបស់អាស៊ានជាដើម ។

សំណើនិងគំនិតផ្តួចផ្តើមទាំងនេះ មិនត្រឹមតែបានបំពេញបន្ថែម នូវកម្លាំងចលករយ៉ាងខ្លាំង ដល់កិច្ចសហប្រតិបតិ្តការអាស៊ីបូព៌ា ប៉ុណ្ណោះទេ ថែមទាំងក៏បានអនុវត្ត “ពហុភាគីនិយមពិតប្រាកដ” តាមរយៈការអនុវត្តជាក់ស្តែង របស់ខ្លួនម្តងទៀតផងដែរ ។

ក្នុងកិច្ចប្រជុំកំពូលលើកនេះ ប្រទេសចិនបានផ្តួចផ្តើមគំនិតថា ត្រូវជំរុញការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងពេលដំណាលគ្នា ដើម្បីបំពេញបន្ថែម​កម្លាំងចលករ ដល់ការអភិវឌ្ឍន៍ជាសកល ឥតឈប់ឈរ ។
តាំងពីបានផ្ទុះការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងនាមជាប្រទេសធំបំផុត ក្នុងតំបន់អាស៊ីបូព៌ា ប្រទេសចិនបានផ្តល់វ៉ាក់សាំង លើសពី១៥៨០លានដូស និងវត្ថុធាតុដើមនៃវ៉ាក់សាំង ដល់សហគមន៍អន្តរជាតិ ក្នុងនោះ មានវ៉ាក់សាំង ប្រមាណ៤៦០លានដូស បានផ្តល់ដល់ប្រទេសអាស៊ាន ព្រមទាំងបានបង្ហាញថា នឹងបន្តផ្តល់ការគាំទ្រ ដល់ប្រទេសអាស៊ាន ក្នុងការបង្កើតមជ្ឈមណ្ឌលផលិត និងចែកចាយវ៉ាក់សាំងក្នុងតំបន់ ។ វិធានការទាំងនេះ បានបកស្រាយយ៉ាងច្បាស់ថា តើស្អីជាសហគមន៍រួមវាសនា រវាងចិន និងអាស៊ាន ដែលជួយយកអាសាគ្នា ទៅវិញទៅមកនិងរួមសុខរួមទុក្ខជាមួយគ្នា ។

ព្រមពេលជាមួយគ្នានេះ ការងើបឡើងវិញបន្ទាប់ពី បញ្ចប់ការរីករាលដាល នៃជំងឺកូវីដ១៩ ក៏ជាបញ្ហាត្រូវដោះស្រាយ ជាបន្ទាន់ផងដែរ ។ ទិន្នន័យបានបង្ហាញឱ្យឃើញថា ក្នុងបរិបទនៃជំងឺកូវីដ១៩ អាស៊ានបានក្លាយជា ដៃគូពាណិជ្ជកម្មធំទី១ របស់ប្រទេសចិននៅឆ្នាំមុន ។ ក្នុងរយៈពេល៩ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគី បានឡើងដល់ ៦៣០៥៤០លានដុល្លារអាមេរិក បានកើនជាង៣១.១ភាគរយ ប្រើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។

ប្រការនេះមិនត្រឹមតែ បានធានាយ៉ាងខ្លាំង ដល់សុវត្ថិភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុងតំបន់បុណ្ណោះទេ ថែមទាំងក៏បានគាំពារយ៉ាងមុតមាំ នូវពហុភាគីនិយម និងពាណិជ្ជកម្មសេរីផងដែរ ។
ក្នុងកិច្ចប្រជុំកំពូលលើកនេះ អ្នកផងទាំងពួងបានមើលឃើញថា ពីការអំពាវនាវឱ្យពន្លឿន ការជំរុញឱ្យកិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)ចូលជាធរមានក្នុងពេលឆាប់ៗ
ដល់ការប្រកាសថា​ នឹងតភ្ជាប់មុនគេ និងគ្រប់ជ្រុងជ្រោយជាមួយ «ក្របខណ្ឌងើបឡើងវិញ ដោយគ្រប់ជ្រុងជ្រោយរបស់អាស៊ាន» រហូតដល់ការផ្តួចផ្តើម ឱ្យផ្លាស់ប្តូររូបមន្ត ទៅជាភាពបៃតងនិងអាបូនទាប ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ ការធ្វើការខិតខំប្រឹងប្រែង ជាមួយដៃគូក្នុងតំបន់ ដើម្បីត្រួសត្រាយចន្លោះ និងសក្តានុពល សម្រាប់​ធ្វើកិច្ចសហប្រតិបត្តិការ ។

បទពិសោធន៍ក្នុងប្រវត្តិសាស្ត្រ បានបញ្ជាក់ថា បញ្ហាគន្លឹះដែលកិច្ចសហប្រតិបតិ្តការអាស៊ីបូព៌ា អាចទទួលបានសមិទ្ធផលជាផ្លែផ្កា គឺនៅត្រង់ការប្រកាន់ខ្ជាប់ពហុភាគីនិយម ពិតប្រាកដនិងគោរពតួនាទី ជាស្នូលរបស់អាស៊ាន ព្រមទាំងបំបាត់ចោលការបំផ្លិចបំផ្លាញ់ និងរំខានពីប្រទេសធំ នៅក្រៅតំបន់ ។ បើអាចបំបាត់ចោលការរំខាន និងផ្តោតសំខាន់ ទៅលើកិច្ចសហប្រតិបតិ្តការនោះ អាស៊ីបូព៌ាមិនត្រឹមតែអាចសម្រេចបាន នូវការអភិឌ្ឍរួមប៉ុណ្ណោះទេ ថែមទាំងក៏នឹងដើរតួនាទីដ៏សំខាន់ ក្នុងការរក្សាសន្តិភាព ស្ថិរភាពនិងការងើបឡើងវិញ របស់ពិភពលោក​ បន្ទាប់ពីបញ្ចប់ការរីករាលដាល នៃជំងឺកូវីដ១៩ផងដែរ ៕

To Top