ភ្នំពេញ៖ ឈរលើគោលការណ៍ ច្បាស់លាស់ ដើម្បីធានាបាននូវសុខមាលភាព ប្រជាពលរដ្ឋ និងឈានទៅដល់ការ ស្ដារសេដ្ឋកិច្ចឡើងវិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជា ឱ្យមន្រ្តីពាក់ព័ន្ធធ្វើការជាមួយ ប្រទេស ដែលបានសន្យាផ្ដល់ជំនួយ វ៉ាក់សាំងជូនកម្ពុជា ឱ្យបានច្បាស់លាស់ បើពុំដូចច្នេះទេ ត្រូវបញ្ជាទិញឱ្យបានគ្រប់ចំនួន ដើម្បីត្រៀមទុកចាក់ ជូនប្រជាពលរដ្ឋកម្ពុជា ទៅតាមកាលទេសៈណាមួយ ចៀសវាងបណ្ដាល ឱ្យប្រជាពលរដ្ឋស្រែកថា អត់មានវ៉ាក់សាំងចាក់។
ក្នុងពិធីបិទយុទ្ធនាការ ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដល់ក្មេងអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់ សម្រាប់កុមារអាយុ៥ឆ្នាំ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ប្រសិនបើអូស្រ្តាលី ត្រៀមបញ្ជួនវ៉ាក់សាំងកូវីដ១៩ «វ៉ាយសឺរ» ២ ៣០០ ០០០ដូសជាមួយនឹងប្រព័ន្ធម៉ាស៊ីនត្រជាក់! តែបញ្ហានឹងគួរត្រូវបានបញ្ជាក់ មកឬមិនមក ឬនៅត្រឹមការសន្យា បើមិនអញ្ចឹងទេ សូមឯកឧត្តម វង្សី វិសុទ្ធ ទាក់ទងជាមួយ COVAC ដាក់៣លានដូសទៀតមក»។
ពាក់ព័ន្ធនឹងភាព មិនច្បាស់លាស់នេះ សម្ដេចតេជោ ហ៊ុន សែន ថា មិនសូវលេងទេ ជាមួយការសន្យានេះ ! ប្រសិនបើភាពមិនច្បាស់លាស់ ណាមួយកើតឡើង យក៣លានដូសពី Sinovac មកទៀត! ក្រែងយើងត្រូវការផ្គត់ផ្គង់ទៅថៃ ឬក៏ពលរដ្ឋមកពីថៃត្រូវការចាក់ អ្នកមិនទាន់បានចាក់ និងឈានទៅរកការចាក់ដូសទី៤ ផងដែរ។
សម្ដេចថា មានរបស់ក្នុងដៃប្រសើរជាងអត់ ព្រោះការជឿទៅលើអ្វីដែល យើងប្រុងធ្វើទៅខាងមុខនោះ កុំឱ្យប្រជាជនទៅដល់ ស្រែកអត់វ៉ាក់សាំងចាក់ រឿងនឹងមិនត្រូវកើតនៅកម្ពុជា នោះទេ ហើយយើងក៏មិនទាន់ខ្វះលុយទិញដែរ!។
សម្ដេចបញ្ជាក់ថា «យកល្អ! បើថាវ៉ាក់សាំង អូស្រ្តាលី២ ៣០០ ០០០ដូសជាមួយនិងប្រព័ន្ធត្រជាក់ នឹងមិនច្បាស់ទេ ដាក់របស់យើងចូលមក ព្រោះខ្ញុំត្រូវការច្បាស់ ព្រោះការសន្យាយូហើយ! និយាយចឹងក៏សូមអភ័យទោស ពីសំណាក់ឯកឧត្ដម Scott Morrison នាយករដ្ឋមន្រ្តីអូស្រ្ដាលីផងដែរ»។
សម្ដេចបញ្ជាក់ថា «ឆ្នាំក្រោយ នាយករដ្ឋមន្រ្តីអូស្រ្តាលី ត្រូវមកកម្ពុជា យើងអាចប្រជុំផ្ទាល់តែម្ដង» ៕