ភ្នំពេញ៖ មន្ត្រីសមត្ថកិច្ចកង រាជអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជូនជនសង្ស័យចំនួន ២នាក់ ដែលជាមន្ត្រីកងរាជអាវុធហត្ថ ទៅកាន់តុលាការខេត្តក្រចេះ ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាដ៏ឃោរឃៅ និង អមនុស្សធម៌ ទៅលើក្មេងស្រីចំនួនពីរនាក់ ដែលជាកូនឈ្មួល ប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅក្នុងផ្ទះវិឡាដ៏ធំ ស្កឹមស្កៃរបស់ ជនសង្ស័យ។

មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួនខាងលើ មានឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ ៤២ឆ្នាំ មានមុខរបរជា មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ ។ និងម្នាក់ទៀត មានឈ្មោះ គឹម សុវណ្ណារិទ្ធិ ភេទប្រុស អាយុ ៤៥ឆ្នាំ ជាមេបញ្ជាការរងក្រុងក្រចេះ ។

ចំណែក ក្មេងស្រីរងគ្រោះទាំង ២នាក់មានឈ្មោះ ទី១- ត្រែក ធារ៉ា ភេទស្រី អាយុ១២ឆ្នាំ នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ។ និងទី ២-មាន ឈ្មោះ វ៉ន ពិសី ភេទ ស្រី អាយុ១២ឆ្នាំ នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ។

ជនរងគ្រោះ ទាំង២នាក់ គឺជាបងប្អូនជីដូនមួយ និងបានមកធ្វើការស៊ីស្មួលបម្រើ នៅផ្ទះមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ដោយបានប្រាក់ខែ ក្នុងមួយខែ ចំនួន ១០០ដុល្លារ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង២ កំពុងតែត្រូវបានសួរចម្លើយ ដោយ តំណាងអយ្យការនៅឯសាលាដំបូង ខេត្តក្រចេះនៅឡើយ ៕
ដោយ រស្មី អាកាស


