ព័ត៌មានជាតិ

នាយកដ្ឋាន គោលនយោបាយ សន្តិសុខសង្គម នៃ ប.ស.ស. បើកកិច្ចប្រជុំ ត្រួតពិនិត្យ លទ្ធផលការងារ សម្រេចបាន ប្រចាំខែរបស់ខ្លួន

ភ្នំពេញ៖ នាយកដ្ឋាន គោលនយោបាយសន្តិសុខសង្គម នៃ ប.ស.ស. នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសម្រេចបានប្រចាំខែរបស់ខ្លួន ដើម្បីពិនិត្យមើលនូវបញ្ហាប្រឈមនានា រួមទាំងដំណោះស្រាយ ក្នុងការអនុវត្តការងារ ឱ្យកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងលទ្ធផលខ្ពស់ ជូនស្ថានប័ន ក៏ដូចជាអង្គភាពរបស់ខ្លួន។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំខាងលើនេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានលើកឡើងថាកន្លងមក ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក នៃនាយកដ្ឋាន គោលនយោបាយសន្តិសុខសង្គម បានពុះពាររាល់ការលំបាក ក្នុងការបំពេញការងារបម្រើស្ថាប័ន ក៏ដូចជាសមាជិក ប.ស.ស. រហូតសម្រេចបានលទ្ធផលល្អ គួរឱ្យកត់សម្គាល់ ឆ្លើយតបទៅនឹងគោលនយោបាយជាតិ គាំពារសង្គម ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោកអគ្គនាយករង បានបន្តលើកទឹកចិត្ត ឱ្យថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានមួយនេះ ត្រូវប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ល្អ និងខិតខំបន្ថែមទៀតទៅលើការងារ ដែលសម្រេចបាន ធ្វើយ៉ាងណា ឱ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព ទទួលបានលទ្ធផលខ្ពស់ ទោះបីស្ថិតក្នុងកាលៈទេសៈយ៉ាងណាក៏ដោយ។

គួរឱ្យដឹងដែរថា នាយកដ្ឋាន គោលនយោបាយសន្តិសុខសង្គម នៃ ប.ស.ស. មានតួនាទីសំខាន់ក្នុងការរៀបចំចងក្រង នូវឯកសារច្បាប់ និងលិខិតបទដ្ឋាននានា ក៏ដូចជារៀបចំផែនការ យុទ្ធសាស្រ្តការងាររបស់ស្ថាប័ន ប.ស.ស. ផងដែរ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំធំនៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក នៃនាយកដ្ឋាន គោលនយោបាយសន្តិសុខសង្គម សរុបប្រមាណជាង ២០នាក់ ទាំងចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)៕

To Top