ភ្នំពេញ៖ ក្រោយប្រកាសបិទយុទ្ធនាការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនកុមារនិងប្រជាពលរដ្ឋ អាយុចាប់ពី៦ឆ្នាំឡើង ក្រសួងសុខាភិបាលកម្ពុជា បានណែនាំឱ្យ អាជ្ញាធររាជធានី-ខេត្ត ត្រូវតែបន្តរៀបចំចាក់វ៉ាក់សាំង នៅតាមទីតាំង នៃមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដែលមានស្រាប់។
តាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា យោងតាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង សូមធ្វើការអំពាវនាវដល់អ្នក ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពី៦ឆ្នាំឡើងទាំងអស់ សូមរួសរាន់ស្ម័គ្រចិត្តទៅទទួលយក ការចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព (មូលដ្ឋានសុខាភិបាលសាធារណៈ) ដែលស្ថិតនៅជិតទីសំណាក់ របស់បងប្អូនឱ្យបានគ្រប់ៗគ្នា ដោយភ្ជាប់ទៅជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ដោយមិនចាំបាច់មានការបញ្ជាក់លិខិតស្នាមអ្វីផ្សេងៗទៀតឡើយ ទោះបីជាបងប្អូនអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ណាក៏ដោយ។
សេចក្តីណែនាំ បញ្ជាក់ថា ដើម្បីឱ្យការងារចាក់វ៉ាក់សាំងកូវីដ-១៩ ប្រព្រឹត្តទៅកាន់តែរលូន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង សូមឲ្យអភិបាលរាជធានី-ខេត្ត និងជាប្រធានអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្តទាំងអស់អនុវត្ត
តាមការណែនាំដូចតទៅ៖
បន្តផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ និងប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ៦ឆ្នាំឡើង ដែល នៅសេសសល់ជាបន្តទៀត នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៃមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដែលមានស្រាប់ ទោះបីជាយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុ ៦ឆ្នាំឡើងត្រូវ បានបិទបញ្ចប់រួចហើយក៏ដោយ។
-ធ្វើការណែនាំបន្ថែម ដល់គ្រប់ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់ដែលនៅក្រោមដែន សមត្ថកិច្ចរបស់រាជធានី-ខេត្ត ឱ្យផ្ដល់ការចាក់វ៉ាក់សាំងភូវីដ-១៩ ជូនដល់ក្រុមគោលដៅខាងលើឱ្យមានភាពរលូន ទោះបីពួកគាត់មិនរស់នៅក្នុងតំបន់គ្របដណ្តប់ របស់ទីតាំងផ្តល់សេវាក៏ដោយ និងមិនតម្រូវឱ្យមានការបញ្ជាក់ លិខិតស្នាមអ្វីទាំងអស់ ក្រៅពីឯកសារមួយចំនួន ដែលត្រូវប្រើប្រាស់ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ-១៩ប៉ុណ្ណោះ។
-បន្តអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ អំពីសារប្រយោជន៍នៃវ៉ាក់សាំងកូវីដ-១៩ និងលើកទឹកចិត្តពួកគាត់ឱ្យស្ម័គ្រចិត្ត មកចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា៕