ព័ត៌មានជាតិ

អ្នកដឹកនាំយុវជន ក្នុងសមាគមអាស៊ាន រិះរកវិធីសាស្ដ្រអភិវឌ្ឍន៍តំបន់ ជាមួយដំណោះស្រាយនិរន្ដរភាព

ក្រុមអ្នកចូលរួមនៃកម្មវិធីសមាគមយុវជនអាស៊ាន (AYF) បានរៀបចំកិច្ចពិភាក្សាជាមួយមេដឹកនាំដែលមានទស្សនៈវិស័យ ក៏ដូចជាធ្វើទស្សនកិច្ចសហគ្រាសនវានុវត្ដន៍ និងអង្គការនានានៅសិង្ហបុរីមុនពេលគូសបញ្ជាក់ពីតួនាទីដែលពួកគេអាចធ្វើការអភិវឌ្ឍតំបន់។

សិង្ហបុរី ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១ – អ្នកដឹកនាំយុវជនអាស៊ានជាង ៣០នាក់ បានជួបជុំគ្នានៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ២៧ រហូតដល់ថ្ងៃទី ៣០ ខែតុលា សម្រាប់កម្មវិធីសមាគមយុវជនអាស៊ាន ដែលរៀបចំឡើងដោយអង្គការfមូលនិធិអន្ដរជាតិសិង្ហបុរី (SIF) និងក្រុមប្រឹក្សាយុវជនជាតិសិង្ហបុរី (NYC) Singapore។

ក្រុមយុវជនចែករំលែកទស្សនៈជាមួយអគ្គលេខាធិការរងអាស៊ាន ឯកឧត្ដម ត្រាន់ ឌុក ប៊ិញ ស្ដីពីតួនាទីដែលយុវជនអាចធ្វើបានដើម្បីជួយអភិវឌ្ឍតំបន់ឆ្ពោះទៅកាន់និរន្ដរភាព។

ភ្ជាប់ជាមួយប្រធានបទ «កសាងអនាគតប្រកបដោយនិរន្ដរភាពរួមគ្នា» របស់សមាគមយុវជនអាស៊ាន (AYF) ឆ្នាំ២០២១ សមាគមបានស្នើឱ្យធ្វើបទបង្ហាញ និងប្រឹក្សាយោបល់កាន់តែទូលំទូលាយក្នុងការបង្កើតគោលនយោយបាយ។ ពួកគេក៏លើកឡើងពីវិធីសាស្ដ្រមួយចំនួនក្នុងការគាំទ្រដល់កំណើនអាជីវកម្មចីរភាព និងចាប់ផ្ដើមគម្រោងយុវជនអាស៊ានអន្ដរជាតិដើម្បីកិច្ចសហប្រតិបត្ដិការ និងចែករំលែកចំណេះដឹង ជាពិសេសក្នុងផ្នែកនៃការផ្ដល់សិទ្ធិអំណាចដល់យុវជន ការណែនាំប្រៀបប្រដៅ កិច្ចការពារសេរីភាពមូលដ្ឋានរបស់យុវជន បច្ចេកវិទ្យាឌីជីថល និងថាមពលបញ្ចេញកាបោនទាប។

រយៈពេល ៥ថ្ងៃ យុវជន ៣៣នាក់ បានចូលរួមក្នុងកិច្ចពិភាក្សាជាហូរហែ ដែលរិះរកនវានុវត្ដភាពក្នុងកិច្ចការគ្រប់គ្រងសុខភាពសាធារណៈ បរិស្ថាន សង្គម និងអភិបាលកិច្ចស្ដង់ដារ (ESG) ក៏ដូចជាមានកិច្ចសហការក្នុងចំណោមសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ និងតួនាទីយុវជនក្នុងការបញ្ចេញសំឡេងដ៏មានឥទ្ធិពលដើម្បីកសាងអនាគតប្រកបដោយនិរន្ដរភាព។

ក្រុមយុវជនមានឱកាសប្រាស្រ័យទាក់ទងជាមួយមេដឹកនាំប្រកបដោយវិចារណញាណដ៏គួរឱ្យគោរព និងអ្នកមានតួនាទីក្នុងវិស័យសាធារណៈ រួមទាំង អគ្គលេខាធិការរងអាស៊ាន ឯកឧត្ដម ត្រាន់ ឌុក ប៊ិញ ដែលបានចែករំលែកទស្សនៈរបស់លោកស្ដីពីសារសំខាន់នៃការជំរុញអត្ដសញ្ញាណអាស៊ាន សិទ្ធិអំណាចយុវជនក្នុងរបៀបវិរៈនៃការអភិវឌ្ឍអាស៊ាន និងរឹតចំណងទាក់ទងផ្ទាល់ក្នុងចំណោមយុវជនអាស៊ាន។

លោក វី សាមឌី យុវជនអាស៊ានឆ្នាំ២០២១ មកពីប្រទេសកម្ពុជា និងជាលេខាទីមួយ នៃស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសសិង្ហបុរី បានថ្លែងថា៖ «សមាគមយុវជនអាស៊ាន (AYF) បានផ្ដល់នូវបទពិសោធដ៏គួរឱ្យភ្ញាក់ផ្អើល។ ខ្ញុំបានជួបអ្នកបង្កើតគោលនយោបាយជាន់ខ្ពស់ជាច្រើនរូប និងអ្នកជំនាញគ្រប់វិស័យ ដែលទាក់ទងនឹងបរិបទបច្ចុប្បន្ន។ ខ្ញុំក៏បានរាប់អានមិត្ដភក្ដិយល់ចិត្ដគ្នា និងអភិវឌ្ឍចំណេះដឹងកាន់តែច្បាស់អំពីសិង្ហបុរី និងតំបន់អាស៊ាន។ ទោះយើងមកពីប្រភពផ្សេងៗគ្នាយ៉ាងណាក៏ដោយ ក៏យើងមានភាពទទួលខុសត្រូវរួមក្នុងការចូលរួមចំណែកអភិវឌ្ឍអនាគតប្រកបដោយនិរន្ដរភាពសម្រាប់តំបន់»។

ក្រុមយុវជនអាស៊ានដ៏បានធ្វើទស្សនកិច្ចមន្ទីរពិសោធនវានុវត្ដភាពសង្គម Sustainable Living Lab (SL2) កសិដ្ឋានថាមពលសូឡាបណ្ដែតទឹក Sembcorp Tengeh Floating Solar Farm, EWR2 រោងចក្រកែច្នៃសំណល់អេឡិចត្រូនិកស្វ័យប្រវត្ដិកម្ម និង Insectta ជាកសិដ្ឋានសត្វល្អិតក្នុងតំបន់ទីក្រុងដំបូងរបស់សិង្ហបុរី ដែលចិញ្ចឹមរុយខ្មៅដើម្បីជួយប្រែក្លាយកាកសំណល់អាហារទៅជាសារធាតុសំយោគសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្ម ជាផ្នែកមួយនៃដំណើរទស្សនកិច្ចកាមសិក្សារបស់ពួកគេ។ ដំណើរក្រេបជញ្ជក់ចំណេះវិជ្ជានេះបានផ្ដល់ឱ្យក្រុមយុវជននូវចំណេះដឹងស៊ីជម្រៅលើនវានុវត្ដន៍សង្គម ការបំប្លែងថាមពល ក៏ដូចជាបច្ចេកវិទ្យាក្នុងវិស័យចំណីអាហារ និងកសិកម្មនៅប្រទេសសិង្ហបុរីជាដើម។

កញ្ញា គួច ឈុនបូរ៉ាមី ជាយុវជនអាស៊ានឆ្នាំ២០២១ មកពីប្រទេសកម្ពុជា និងជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យជាតិសិង្ហបុរី បានថ្លែងថា៖ «ថ្វីដ្បិតតែយើងមកពីប្រទេសផ្សេងៗគ្នាយ៉ាងណាក៏ដោយ ក៏យើងមានបញ្ហាត្រូវដោះស្រាយរួមគ្នាក្នុងនាមជាតំបន់តែមួយ។ បញ្ហាទាំងនោះ រួមមាន បម្រែបម្រួលអាកាសធាតុ សន្ដិសុខស្បៀង លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព អសមភាពយេនឌ័រ និងបញ្ហាផ្សេងៗទៀត។ ប៉ុន្ដែយើងក៏បានធ្វើកិច្ចការដ៏ល្អប្រសើរជាច្រើនរួមគ្នា ដែលយើងបានចែករំលែក និងសិក្សាពីគ្នា ដើម្បីយកទៅអនុវត្ដនៅប្រជាជាតិយើងរៀងៗខ្លួន។ ខ្ញុំឆ្លៀតយកឱកាសនេះដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាយុវជនដទៃក្នុងតំបន់ ហើយខ្ញុំសង្ឃឹមថា នឹងស្វែងយល់ពីពួកគេឱ្យកាន់តែស៊ីជម្រៅ និងរិះរកកិច្ចសហការប្រកបដោយសក្ដានុពល»។

កម្មវិធីសមាគមយុវជនអាស៊ាន ក៏ផ្ដល់ឱ្យក្រុមយុវជនចូលរួមនូវឱកាសចែករំលែកបទពិសោធ កសាងទំនាក់ទំនង និងជាផ្នែកមួយនៃបណ្ដាញក្រុមអ្នកដឹកនាំយុវជនអាស៊ាន។ ក្រុមយុវជន AYF ចុងក្រោយបំផុតបានចូលរួមបណ្ដាញអតីតនិស្សិត ដែលមានសមាជិក ៧៩នាក់។

កញ្ញា ជេន តាន់ នាយកប្រតិបត្ដិអង្គការមូលនិធិអន្ដរជាតិសិង្ហបុរី (SIF) បានថ្លែងថា៖ «យុវជននាពេលបច្ចុប្បន្ននេះមានទឹកចិត្ដក្លៀវក្លា និងគោលបំណងច្បាស់លាស់។ ពួកគេជាច្រើនចង់ឱ្យមានការរីកចម្រើនតាមរយៈសមត្ថភាពការងារ ហើយពួកគេបង្កើតបានជាសំឡេងដ៏សំខាន់សម្រាប់ការផ្លាស់ប្ដូរសង្គមប្រកបដោយភាពវិជ្ជមានក្នុងតំបន់។ កម្មវិធី AYF ត្រូវបានបង្កើតឡើងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងអ្នកដឹកនាំជាយុវជនដូចពួកគេ និងជំរុញពួកគេឱ្យឈានចាប់ឱកាសសហប្រតិបត្ដិការកសាងអាស៊ានដ៏រឹងមាំ»។

លោក ដាវីដ ឈូ នាយកប្រតិបត្ដិ NYC Singapore បានបន្ថែមថា៖ «សហគមន៍សកលនាពេលបច្ចុប្បន្ន ត្រូវនាំគ្នាដោះស្រាយបញ្ហា ដែលមិនស្ថិតក្រោមអធិប្បតេយ្យព្រំដែននរណាដាច់មុខឡើយ។ តាមរយៈការងាររួមគ្នានេះ យើងអាចចែករំលែកចំណេះដឹង និងជំនាញរបស់យើងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ខ្ញុំលើកទឹកចិត្ដដល់សមាគមយុវជនរបស់យើងឱ្យកសាងទំនាក់ទំនងទូទាំងតំបន់ ក៏ដូចជាបង្កើតបរិស្ថានបៃតង និងអនាគតដ៏រឹងមាំសម្រាប់អាស៊ាន»៕

To Top