ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានមោទនភាព ចំពោះចៅៗ ដែលមាន ចង់រៀនសូត្រ បន្ទាប់ពីរូបភាពមួយសន្លឹក បង្ហាញពីក្មេងប្រុសម្នាក់ ទៅសិក្សាគ្មានស្បែកជើងពាក់ ដោយភ្ជាប់រូបកាតចាក់វ៉ាក់សាំងកូវីដ១៩ យកថង់ចងរុំពីក្រៅ ។
រូបភាពមួយសន្លឹកនេះ បានទាក់ទាញអារម្មណ៍របស់ពលរដ្ឋ ជាពិសេសសម្តេចតេជោតែម្តង ដែលបង្ហាញពីក្មេងប្រុសនេះ មានការតស៊ូចង់រៀន ទោះខ្លួនគ្មានសំភារៈគ្រប់គ្រាន់ក៏ដោយ ។ រូបភាពប្រុសនេះ មើលទៅពិតជាអាណិតណាស់ ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ទោះជារូបភាពមួយសន្លឹកនេះ ខ្ញុំមិនដឹងថា នៅទីណា? និងចៅតូចនេះឈ្មោះអី អាយុប៉ុន្មាន? តែខ្ញុំពិតជាមានមោទនភាព ចំពោះចៅៗ ដែលចង់រៀនសូត្រ។ ប័ណ្ណចាក់វ៉ាក់សាំង ពាក់នៅក បង្ហាញថា ខ្ញុំបានចាក់វ៉ាក់សាំង រួចហើយ និងចូលរៀនដោយគ្មាន ការភ័យខ្លាចជាមួយ និងការពាក់ម៉ាស់បានត្រឹមត្រូវ ។ ទោះចៅមិនមានស្បែកជើងពាក់ តែតាជឿថា ចៅច្បាស់ជាលាងដៃ និងរក្សាអនាម័យបានល្អ ។ សូមជូនពរចៅៗ ប្រកបដោយសេចក្តីសុខ សេចក្តីចំរើន និងរៀនសូត្របានល្អ» ។
សូមរំលឹកថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបើកសាលារៀនទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ដោយប្រកាន់ភ្ជាប់នូវវិធានការសុខាភិបាល ជាប់ជានិច្ច ៕