ភ្នំពេញ៖ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល រួមជាមួយលោក Damien CAZE អគ្គនាយកនៃអាជ្ញាធរ អាកាសចរណ៍ស៊ីវិលបារាំង (DGAC) និងលោកស្រី Ophélie BOURHIS នាយកទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជំនួយបច្ចេកទេស សម្រាប់គម្រោងកសាងសមត្ថភាព ក្នុងវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។
តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលបារាំងនឹងផ្តល់ហិរញ្ញប្បទាន ឥតសំណងចំនួន ៤៥០,០០០ អឺរ៉ូ ដើម្បីអនុវត្តគម្រោងកសាង សមត្ថភាពក្នុងវិស័យអាកាសចរស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើឲ្យប្រសើឡើង និងលើកកម្ពស់ ប្រព័ន្ធសុវត្ថិភាព និងបរិស្ថានអាកាសយានដ្ឋាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបង្កើនភាពទាក់ទាញ អ្នកទេសចរតាមផ្លូវអាកាស មកព្រះរាជាណាចក្រកម្ពុជា តាមរយៈការជួយទៅដល់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អនុវត្តបទប្បញ្ញត្តិសុវត្ថិភាពអាកាសចរ និងពង្រឹងនូវលក្ខខណ្ឌសុវត្ថិភាព និងបរិស្ថាននៅក្នុងអាកាសយានដ្ឋា ននៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងនេះផ្តោតលើការងារអាទិភាពចំនួន ៤ ដូចខាងក្រោម៖
១. ពង្រឹងការគ្រប់គ្រង បរិស្ថានអាកាសយានដ្ឋាន
២. ផ្តល់ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពលើការថែទាំបច្ចេកទេសអាកាសយាន
៣. ផ្តល់ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពពេទ្យអាកាសចរ និង
៤. ពង្រឹងសុវត្ថិភាពអាកាសយានដ្ឋាន
ថ្លែងក្នុងឱកាសនេះ លោក ម៉ៅ ហាវណ្ណាល់ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋបារាំង ដែលបានផ្តល់ជំនួយឥតសំណងដ៏មានតម្លៃនេះ ដែលឆ្លើយតប នឹងសេចក្តីត្រូវការ និងការងារជាអាទិភាព នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
លោក ម៉ៅ ហាវណ្ណាល់ បានសង្កត់ធ្ងន់ថា ពិធីចុះហត្ថលេខានៅថ្ងៃនេះ ជាសក្ខីភាពមួយបង្ហាញ ពីទំនាក់ទំនងដ៏យូរអង្វែង និងជាផ្លែផ្ការវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាង អាជ្ញាធរអាកាសចរស៊ីវិល នៃប្រទេសទាំងពីរ។ ជាងនេះទៀត វាបានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការវាយតម្លៃខ្ពស់ របស់រដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង មកលើការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុង ឱកាសនេះដែរលោក ម៉ៅ ហាវណ្ណាល់ បានរំលឹកឡើងថា នេះមិនមែនជាជំនួយលើកដំបូង ដែលផ្តល់ដោយសាធារណរដ្ឋបារាំង ដល់ប្រទេសកម្ពុជាទេ ជាពិសេសក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរអាកាសចរស៊ីវិល នៃប្រទេសទាំងពីរ។ ចាប់តាំងពីឆ្នាំ១៩៩៩ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា និងអាជ្ញាធរអាកាសចរស៊ីវិលបារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយបច្ចេកទេសជាច្រើន ដើម្បីអនុវត្តគម្រោងផ្សេងៗ ដូចជា គម្រោងកសាងសមត្ថភាពតាមរយៈការផ្តល់ការបណ្តុះបណ្តាលរយៈពេលខ្លី និងរយៈពេលវែង ដល់មន្រ្តីបច្ចេកទេស របស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កម្ពុជា ការផ្តល់ជំនាញការរយៈពេលខ្លី-វែង ជួយរៀបចំបទប្បញ្ញត្តិបច្ចេកទេស និងឯកសារណែនាំអាកាសចរស៊ីវិល ក៏ដូចជាការជួយសិក្សា និងវិភាគលើផលប៉ះពាល់សេដ្ឋកិច្ចលើវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ដែលកិច្ចសហប្រតិបត្តិការទាំងនេះ បង្ហាញពីការប្តេជ្ញាបន្តពង្រឹងភាពជាដៃគូដ៏រឹងមាំ របស់រាជរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា៕