ព័ត៌មានជាតិ

លោក សយ សុភាព ចោទសួរអាមេរិក ពេលណាគិតគូរ សងបំណុលខ្មែរ ? (Video)

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានចោទជាសំណួរ ទៅកាន់រដ្ឋាភិបាល ក៏ដូចជាសភាអាមេរិកថាតើ ពេលណាគិតគូរសងបំណុល ដែលសហរដ្ឋអាមេរិក យកគ្រាប់បែកគីមី និងគ្រាប់បែកបេ៥២ ទម្លាក់លើក្បាលខ្មែរក្នុងអំឡុងសង្រ្គាមវៀតណាម។

ការលើកឡើងបែបនេះ ស្របពេលដែល ព្រឹទ្ធសភា​អាមេរិក បាន​បញ្ជូន​សេចក្តី​ព្រាងច្បាប់ ​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​សិទ្ធិមនុស្ស​លេខ S.៣០៥២ ទៅ​គណៈកម្មាធិការ​កិច្ចការ​បរទេស​ នៃ​ព្រឹទ្ធសភា​អាមេរិក​ កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២១ ក្រោយ​សភា​ជាន់ខ្ពស់​ សហរដ្ឋ​អាមេរិក​បាន​ពិនិត្យ​ លើ​សេចក្តី​ព្រាង ច្បាប់​នេះ​ជា​លើក​ទី​២។

នៅលើគេហទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី២ ខែវិឆ្ឆិកា ឆ្នាំ២០២១ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «សម្លុតលេងខ្លាចហើយ។ ពេលណាគិតគូរសងបំណុល ដែលអ្នកឯងយកគ្រាប់បែកគីមី និងគ្រាប់បែកបេ៥២ ដែលទម្លាក់លើក្បាលខ្មែរ នៅទឹកដីខ្មែរពេលសង្រ្គាមវៀតណាម?តើសភាអ្នកឯងដល់ពេលណាបានគិតគូររឿងនេះ? ពួកអ្នកឯងយកប្រជាធិបតេយ្យ បិទបាំង ដើម្បីរំលំរំលាយប្រទេសតូចតាចទន់ខ្យោយ»។

លោក សយ សុភាព បន្តថា «ខ្មែរនិងប្រ៊ី មិនឱ្យអ្នកឯងយកញញួរ មកសំពងខ្មែរទៀតទេ ពួកអ្នកឯងមិនសម ជាប្រទេសមានអរិយធ៌ម ខ្ពស់ទេ។ ខ្មែរធ្លាប់ជា មហាអំណាចនៅអាស៊ីដែរ មិនចេះឱ្យអ្នកឯងមកមើលងាយ យើងបានស្រួលទៀតឡើយ»។

លោកថា «អាមេរិកអើយ អាមេរិក! ពិភពលោកមិនមានសម្រាប់ អ្នកឯងម្នាក់ធ្វើអ្វីស្រេចចិត្ត ទៀតទេ។ អ្នកឯងចេះ លើកតំកើងមេដឹកនាំអ្នកឯង យើងក៏ចេះស្រលាញា់មេដឹកនាំយើងដូចគ្នាដែរ»៕

To Top