ភ្នំពេញ៖ ដោយមើលឃើញពីការលំបាក តាមរយៈរូបថតរបស់ក្មេងប្រុស គង់ សីហា កាលពីថ្ងៃទី២ ខែវិច្ឆិកា តាមប្រព័ន្ធបណ្តាញសង្គម នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារតំណាង លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បាននាំយកអំណោយដ៏ថ្លៃថ្លា របស់លោក កៅ ថាច ជូនដល់ក្មេងប្រុស គង់ សីហា អាយុ៧ឆ្នាំ ស្ថិតនៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីសម្រួលដល់ជីវភាពរស់នៅ ។
អំណោយដ៏ថ្លៃថ្លារបស់លោក កៅ ថាច ផ្តល់ជូន កុមារា គង់ សីហា នាឱកាសនេះរួមមាន៖ ១/ សៀវភៅសរសេរ ២០០ទំព័រ ចំនួន ២០ក្បាល និង១៦០ទំព័រ ចំនួន១០ក្បាល, ២/ប៊ិក ចំនួន១ប្រអប់, ៣/ ខ្មៅដៃ ចំនួន១ប្រអប់, ៤/ជ័រលុប, ៥/កាតាប ០១, ៦/បន្ទាត់មួយប្រអប់, ៧/ខ្សែសម្រាប់ព្យួរកាត ចំនួន២, ៨/អង្ករ៥០គីឡូ, ៩/កូនកង់ចំនួន១គ្រឿង និង១០/ ថវិកា ចំនួន២លានរៀល ។
តាមរយៈផេកផ្លូវការ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឲ្យដឹងថា អំណោយខាងលើនេះ បានយកទៅប្រគល់ជូន ក្មេងប្រុសឈ្មោះ គង់ សីហា ដែលអាយុ៧ឆ្នាំ ស្ថិតនៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីជួយសម្រួល ដល់ភាពលំបាកក្នុងគ្រួសាររបស់ក្មួយប្រុស។ បន្ថែមលើនេះ លោក កៅ ថាច បានអោយក្រុមការងារ ស្រាវជ្រាវបន្តរកក្មួយៗ ដែលស្ថិតក្នុងស្ថានភាព លំបាកដូចក្មួយ គង់ សីហា ដើម្បីលោក កៅ ថាច អាចធ្វើការជួយឧបត្ថម្ភ ទាំងសម្ភារៈ ក៏ដូចជាថវិកាផងដែរ។
គួរឲ្យដឹងថា រូបថតមួយសន្លឹក ដែលបង្ហាញឲ្យឃើញ ពីទុក្ខលំបាករបស់ក្មេងប្រុសខាងលើនេះ ត្រូវបានចែកចាយ ពាសពេញបណ្តាញសង្គម និងរហូតដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏មានអារម្មណ៍ក្តុកក្តួល ចំពោះរូបភាពនេះផងដែរ៕