ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍ប្រុស-ស្រី៣នាក់ ជាប់ពាក់ព័ន្ធការរក្សាទុក និងជួញដូរគ្រឿងញៀន ជាង១០០កញ្ចប់ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ ចំនួន៣នាក់ ជាបើពាក់ព័ន្ធនិងការរក្សាទុក និងជួញដូរគ្រឿងញៀន ជាង១០០ កញ្ចប់តូច-ធំ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២០ ។

លោក ប្លង់ សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានី ភ្នំពេញ បានថ្លែងអោយដឹង ក្នុងអង្គសវនាការថា ជនជាប់ចោទទាំង៣នាក់ មានឈ្មោះ ទី១ -ឈ្មោះ ប៉ាវ យ៉ន ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ , ទី២- ឈ្មោះ រ័ត្ន ធារី ភេទ ស្រី អាយុ ៣៤ ឆ្នាំ ,និង ទី៣- ឈ្មោះ មាស ដារ៉ា ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ សិស្ស ។

លោកចៅក្រម បានបញ្ជាក់ថា ពួកគេទាំង៣នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី២៤​ ខែធ្នូ ឆ្នាំ២០២០ កាត់ទោស ដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់ពី៦ឆ្នាំ ទៅ ៧ឆ្នាំ ពីបទ:ជួញដូរ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀនតាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

តែឈ្មោះ ពួកគេបានប្តឹងជំទាស់នឹងសាលក្រមរបស់សាលាដំបូង មកកាន់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ។

ពួកគេត្រូវបានកម្លាំងអាវុធហត្ថ ឃាត់ខ្លួន កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងក្លឹបកំសាន្តមួយកន្លែងដែលស្ថិតនៅភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបាន វត្ថុតាង ជាគ្រឿងញៀន ពី ឈ្មោះ មាស ដារ៉ា គ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន១០១ កញ្ចប់តូចមានទម្ងន់ ២៤,៣៥ ក្រាម និងថ្នាំគ្រាប់ចំនួន៣០ គ្រាប់មានទម្ងន់១២,០៣ក្រាម ។ និងពីឈ្មោះ រ័ត្ន ធារី គ្រឿងញៀនចំនួន ១៤កញ្ចប់ មានទម្ងន់៧,៩១ក្រាម និងថ្នាំគ្រាប់ ចំនួន១២គ្រាប់ មានទម្ងន់៤,៥៨ក្រាម ។

នាពេលសវនាការ,ជនជាប់ទាំង៣នាក់ បានសំណូមពរដល់សាលាឧទ្ធរណ៍ មេត្តាជួយ បន្ធូរបន្ថយទោស ដល់ពួកគេដើម្បីឆាប់វិលត្រឡប់បានជួបជុំគ្រូសារវិញ។

សាលាឧទ្ធរណ៍ រាជធានីភ្នំពេញនឹងប្រកាសសាលដីកាលើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១៕

ដោយ រស្មី អាកាស

To Top