នយោបាយ

សម្តេច ស ខេង ទុកពេលឲ្យ លោក យ៉ែម បុញ្ញឫទ្ធិ ១៥ថ្ងៃ បំពេញឯកសារ គណបក្សត្រឹមត្រូវ (Video)

ភ្នំពេញ ៖ ក្នុងរយៈពេល១៥ថ្ងៃនេះ(៣-១៨វិច្ឆិកា) បើលោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មាធិការ បណ្តោះអាសន្ន គណបក្សកម្ពុជានិយម មិនបំពេញឯកសារត្រឹមត្រូវ តាមការចង់បាន របស់ក្រសួងមហាផ្ទៃ ដែលមានសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី ដែលរដ្ឋមន្រ្តីនោះ នឹងមិនអនុញ្ញាត ឲ្យបង្កើតគណបក្ស ទៅតាមច្បាប់ ស្តីពីគណបក្ស នយោបាយឡើយ ។

ឯកសារដែលក្រសួងតម្រូវឲ្យលោក យ៉ែម បុញ្ញឫទ្ធិកែឡើងវិញនោះ ត្រង់ចំណុច “កម្មវិធីនយោបាយសំខាន់ៗ របស់គណបក្ស” គឺត្រូវធ្វើឲ្យបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្ស នយោបាយឡើងវិញ រួចហើយត្រូវផ្ញើជូនមកក្រសួង ។

យោងតាមលិខិត របស់ក្រសួងមហាផ្ទៃ ផ្ញើមកលោក យ៉ែម បុញ្ញឫទ្ធិ កាលពីថ្ងៃ៣ វិច្ឆិកា បានឲ្យដឹងថា “ ក្រសួងមហាផ្ទៃ សូមស្នើឲ្យគណបក្សកម្ពុជានិយម ត្រូវកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈ និងត្រូវរៀបចំនូវ “កម្មវិធីនយោបាយសំខាន់ៗ របស់គណបក្ស” ឲ្យបានត្រឹមត្រូវស្រប តាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្ស នយោបាយឡើងវិញ រួចហើយត្រូវផ្ញើជូន មកក្រសួងមហាផ្ទៃ ក្នុងរយៈពេលយ៉ាងយូរ១៥ថ្ងៃ គិតចាប់ពីថ្ងៃទទួលលិខិត ជូនដំណឹងជាកំហិត ។ ក្នុងករណី មិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹងនេះ ក្រសួងមហាផ្ទៃ នឹងមិនអនុញ្ញាតចុះឈ្មោះ ក្នុងបញ្ជីគណបក្ស នយោបាយឡើយ” ។

សូមបញ្ជាក់ថា កាលពីថ្ងៃ២៣ កក្កដា គណបក្សកម្ពុជានិយម ដែលសរសេរជាអក្សរកាត់ «ប.ក» មានអាសយដ្ឋាននៅបុរីពិភពថ្មីកួរស្រូវ៣ ផ្ទះលេខ៥២-៥៤ ផ្លូវបេតុង៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឲ្យបង្កើត ដើម្បីចូលរួមប្រកួតប្រជែង បោះឆ្នោតនាពេលខាងមុខ ៕

To Top