ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានឡាយព្រះហស្តលេខា ប្រកាសឲ្យប្រើច្បាប់ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី ។
សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម ដើម្បីសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ។
សេចក្តីព្រាងច្បាប់សញ្ជាតិខ្មែរតែមួយគត់ ត្រូវបានសមាជិកព្រឹទ្ធសភាចំនួន៥៧រូប នៃចំនួនសមាជិកទាំងមូល អនុម័តជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយឥតកែប្រែ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បន្ទាប់ពីសមាជិករដ្ឋសភាចំនួន១១១រូប បានអនុម័តកាលពីថ្ងៃ២៥ តុលា ។
វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ ។
សូមបញ្ជាក់ថា មូលហេតុនាំឲ្យមានការកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់កំពូលដឹកនាំកម្ពុជានេះ បន្ទាប់ពីសារព័ត៌មាន The Guardian ដែលមានទីតាំងនៅចក្រភពអង់គ្លេសបានសរសេរថា «មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតនៅក្នុងចំណោមជនជាតិ មិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែន ប្រទេសសាយប្រឺស»។
កាលពីថ្ងៃ៣ តុលា The Guardian បានចេញផ្សាយថា ក្នុងសៀវភៅរបស់សមាគម អ្នកកាសែតអន្តរជាតិ Pandora Papers គឺមានឈ្មោះ សម្តេចតេជោថា បានទិញលិខិតឆ្លងដែន ពីប្រទេសសាយប្រឹស ដែលជាកោះមួយនៅទ្វីបអឺរ៉ុប ។ ប៉ុន្តែដោយសារមានប្រតិកម្មពីសម្តេចតេជោផ្ទាល់ សារព័ត៌មាននេះបានកែខ្លឹមសារ របស់ខ្លួនឡើងវិញ ៕





