នយោបាយ

លោក យ៉ែម បុញ្ញឫទ្ធិ នឹងដាក់កម្មវិធី នយោបាយសំខាន់ៗ របស់បក្សកម្ពុជានិយម ទៅក្រសួងមហាផ្ទៃ ក្នុងពេលដ៏ខ្លីខាងមុខ

ភ្នំពេញ ៖ លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មាធិការ បណ្តោះអាសន្ន គណបក្សកម្ពុជានិយម នឹងដាក់កម្មវិធីនយោបាយសំខាន់ៗ របស់បក្សកម្ពុជានិយម ទៅក្រសួងមហាផ្ទៃ ទៅតាមច្បាប់ ស្តីពីគណបក្សនយោបាយ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។

ការប្រកាសដាក់របស់លោកនេះ បន្ទាប់ពីសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃ៣ វិច្ឆិកា បានទុកពេលឲ្យ១៥ថ្ងៃ (៣-១៨វិច្ឆិកា) សម្រាប់ដាក់ឯកសារនេះ ។ ក្នុងនោះ ក្រសួងកំណត់ថា បើលោក យ៉ែម បុញ្ញឫទ្ធិ មិនបំពេញឯកសារត្រឹមត្រូវ តាមការចង់បាន របស់ក្រសួងមហាផ្ទៃ នឹងមិនអនុញ្ញាត ឲ្យបង្កើតគណបក្ស ទៅតាមច្បាប់ ស្តីពីគណបក្សនយោបាយឡើយ ។

លោក យ៉ែម បុញ្ញឫទ្ធិ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នាថ្ងៃ៤ វិច្ឆិកាថា គោលនយោបាយសំខាន់ ៗរបស់គណបក្សបានដាក់ជូន ទៅក្រសួងហើយ មិនមានអ្វីជាបញ្ហាទេ ចំពោះកម្មវិធីនយោបាយសំខាន់ៗ របស់បក្សនេះ ក៏បានរៀបចំហើយដែរ តែមិនទាន់បានដាក់ប៉ុណ្ណោះ។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តថា “ប៉ុន្តែក្រសួងតម្រូវឲ្យដាក់ កម្មវិធីនយោបាយសំខាន់ៗ របស់គណបក្សកម្ពុជានិយម ដែលយើងបានរៀបចំចងក្រងរួចហើយ តែមិនបានដាក់ទៅក្រសួង។ ដូច្នេះយើងនឹងរៀបចំដាក់ជូន ទៅក្រសួងមហាផ្ទៃក្នុងពេល ដ៏ខ្លីខាងមុខនេះដូចជា លក្ខន្តិកៈដែលកែសម្រួលប្រការខ្លះ ឲ្យស្របតាមប្បញ្ញត្តិ នៃច្បាប់ស្ដីពីគណបក្សនយោបាយ និងកម្មវិធីនយោបាយសំខាន់ៗ របស់គណបក្សកម្ពុជានិយម”។

លោកថា នៅព្រឹកនេះ លោកសម្រេចកែសម្រួល និងបន្តប្រជុំអនុម័ត ប្រការខ្លះនៃលកន្តិកៈ ដែលត្រូវកែសម្រួល តាមសំណើរក្រសួង ៕

To Top