ភ្នំពេញ ៖ លោក ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភាជាតិកម្ពុជា បានទទួលមរណភាព នៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅគេហដ្ឋានរបស់លោក ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងជន្មាយុ៧៩ឆ្នាំ ។
សពរបស់លោក បានតម្កល់នៅគេហដ្ឋានផ្ទាល់ខ្លួន ដើម្បីធ្វើបុណ្យតាមប្រពៃណី។ នេះបើតាមឲ្យដឹងពីលោក ហាយ កុសល ប្រធាននាយកដ្ឋានព័ត៌មានរដ្ឋសភា។
លោក ងួន ញិល កាលពីថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០ត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ កម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ ផ្ដល់គោរមងារកិត្តិយសជា «កិត្តិនីតិកោសលបណ្ឌិត» ។
រហូតមកទល់ពេលនេះ ឥស្សរជនជាន់ខ្ពស់ ដែលទទួលបានគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជាកិត្តិនីតិកោសលបណ្ឌិត មានសរុបចំនួន ៧រូបប៉ុណ្ណោះ .។
លោក ងួន ញិល មុនក្លាយជាអនុប្រធានទី១ នៃរដ្ឋសភានេះ លោកគឺជាអនុប្រធានទី២ រដ្ឋសភាកាលពីអាណត្តិទី៤ ហើយមុនឡើងមកដល់តួនាទីនេះ គឺជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងធ្លាប់ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ ។ លោក ងួន ញិល បានកើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤២ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។




