ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ លោក ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០:៣៦ នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្ត ឥតឧបមា ដោយបានទទួលដំណឹង ពីការមរណភាពរបស់ លោក ញិល នាពេលនេះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្តែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យ និងក្តីសង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ លោក ងួន ញិល គឺជាការបាត់បង់នូវលោកឪពុក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ មិនចេះរីងស្ងួត ពិសេសក៏ជាការបាត់បង់ដ៏ធំធេង នូវឥស្សរជននយោបាយខ្មែរ ដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិកា ក្នុងការបម្រើបុព្វហេតុជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់តម្លៃ នៃនីតិរដ្ឋប្រកបដោយ ឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការ។
សម្តេចសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោក ងួន ញិល សូមឆាប់បានយោនយកកំណើតកើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕