ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់មន្ដ្រីធ្វើការងារ ក្នុងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ថ្មី ត្រូវចេះសន្សំសំចៃភ្លើង និងទឹក ព្រមទាំង អនុវត្តការងារ ឲ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងពិធីសម្ពោធអគារទីស្តីការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នាពេលកន្លងមក សម្ដេច បានចារក្នុងលិខិតសាងសង់អគារទីស្ដីការ ក្រសួងរៀបចំដែនថ្មី ថា ការធ្វើឲ្យមានអគារមួយ វាលំបាកទៅហើយ, បានធ្វើការកន្លែងល្អហើយ ត្រូវឲ្យមានប្រសិទ្ធភាព។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំចារបន្ថែមទៀតថា សន្សំសំចៃភ្លើង និងទឹក ព្រោះអគារនេះធំណាស់ បើមិនចឹងទេ វានឹងស៊ីភ្លើងច្រើនណាស់ ចឹងទេ សុំប្រយ័ត្នប្រយែង»។
សម្ដេចតេជោ បានបន្ដថា បើសិនចេញពីធ្វើការហើយ ម៉ាស៊ីនត្រជាក់ និងភ្លើង ក៏បើក នោះហើយ ខ្វះការសន្សំសំចៃ ។ សម្ដេចថា មានអគារធ្វើការល្អ ប៉ុន្ដែអ្វីដែលសំខាន់នោះ ប្រសិទ្ធភាពការងារ។
សូមបញ្ជាក់ថា អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់ របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាព របស់រាជរដ្ឋាភិបាល លើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផល ជាទីមោទនភាពសម្រាប់ជាតិផងដែរ។
ជាងនេះទៅទៀត អគារទីស្តីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ អគារនៃក្រសួងនេះ សាងសង់នៅលើផ្ទៃដីទំហំ ៤.៥ហិកតា មានទំហំតួអគារបណ្ដោយប្រវែង ១៣២.៧ ម៉ែត្រ និងទទឹងប្រវែង ៩៤.៧ម៉ែត្រ មានចំនួន ៨ជាន់ កម្ពស់សរុបពីទ្រនាប់ខ្សាច់ ដល់ចុងកំពូលបុស្បុក ៨៨.៥ម៉ែត្រ ក្នុងនោះមានកម្ពស់បុស្បុក ៣៣.២៨ម៉ែត្រ មានចំណតរថយន្ត ប្រមាណ ៤៥០គ្រឿង និងចំណតទោចក្រយានយន្ត ជាច្រើនគ្រឿងទៀត៕