ព័ត៌មានជាតិ

ព្រះមហាក្សត្រ យាងប្រទានភ្លើងជ័យ ក្នុងខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ (Video)

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រះអង្គស្ដេចយាងប្រទានភ្លើងជ័យ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិនេះ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្ដេចយាងប្រទានភ្លើងជ័យដែលនឹងត្រូវរក្សាទុករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ វិច្ឆិកា ខណៈពេលពន្លត់ទានជ័យក្រោមអធិបតីភាពសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយសារព្រះមហាក្សត្រស្ដេចយាងចូលរួមកិច្ចប្រជុំមហាសន្និបាតយូណេស្កូលើកទី៤១ នៅប៉ារីស នាថ្ងៃ១០វិច្ឆិកា ។

សម្រាប់ពិធីដ៏មហាឱឡារិកនេះ ក៏មានការអញ្ជើញចូលរួមពីសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, សម្តេច ហេង សំរិន ប្រធានរដ្ឋសភា , សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង , សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ , សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំង មន្ដ្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀតផងដែរ ។

គួររំលឹកដែរថាថ្ងៃទី៩ វិច្ឆិកា នេះ គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាដែលទទួលបានឯករាជ្យពេញបរិបូរណ៍ពីអាណានិគមបារាំងនៅក្នុងឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ទាំងព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតក្នុងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ ៕

To Top