ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ ១០ទីតាំង និងភ្លើងសញ្ញាចរាចរណ៍ បច្ចេកវិទ្យាទំនើប លើផ្លូវជាតិលេខ៣ កំពុងត្រូវបានដំឡើង ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ ។
ការដាក់កាមេរ៉ានេះ ក្រោមគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ សុវត្ថិភាពចរារណ៍ផ្លូវគោក ។
ការដាក់កាមេរ៉ាចាប់ល្បឿន ឆ្លាតវៃ និងភ្លើងសញ្ញាចរាចរណ៍ បច្ចេកវិទ្យាទំនើបទាំងនេះ ក្នុងគោលបំណង តាមដាន ការពារសុវត្ថិភាព និងសម្រួលការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋលើផ្លូវជាតិលេខ៣ ដែលក្នុងនោះ អគ្គស្នងការ នគរបាលជាតិ នឹងគ្រប់គ្រងរាល់សកម្មភាព និងប្រតិបត្តិការរបស់កាមេរ៉ាចាប់ល្បឿនទាំង ១០ទីតាំង ទាំងការគ្រប់គ្រងទិន្នន័យ និងការពិន័យបទល្មើសផងដែរ ។
កាមេរ៉ាចាប់ល្បឿនទាំងនេះអាចឱ្យមន្រ្តីជំនាញ ដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងស្លាកលេខរថយន្ត អ្នកបើកបរមិនពាក់ ខ្សែក្រវ៉ាត់ការពារ និងប្រើទូរសព្ទពេលបើកបរ ។ មុននឹងដាក់ប្រើប្រាស់ ផ្លូវការ អាជ្ញាធរពាក់ព័ន្ធ នឹងខិតខំអប់រំផ្សព្វផ្សាយ ជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋឱ្យបានដឹង អំពីច្បាប់ចរាចរណ៍ និងការដាក់កាមេរ៉ាចាប់ល្បឿន ហើយអាជ្ញាធរនឹងបំពាក់ផ្លាកសញ្ញា ជូនដំណឹងដល់អ្នកបើកបរ យ៉ាងតិច១គីឡូម៉ែត្រមុន ដល់ទីតាំងកាមេរ៉ាចាប់ល្បឿន ។
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព ការងារកាមេរ៉ាចាប់ល្បឿនឆ្លាតវៃ និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើប ដែលគ្រោងនឹងដាក់ដំណើរ ការឆាប់ៗនេះ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង គម្រោងសាងសង់ផ្លូវជាតិលេខ៣ បានអំពាវនាវដល់ ប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ ចរាចរណ៍ និងធ្វើដំណើរ ដោយប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការស្លាប់បាត់បង់អាយុជីវិត និងខាតបងថវិកាជាតិ ៕