ព័ត៌មានជាតិ

សម្តេច ទៀ បាញ់ អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន និងកិច្ចប្រជុំក្រៅផ្លូវការចំនួន២

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក Pehin Datu Lailaraja Major General (Retired) Dato Paduka Seri Haji Awang Halbi Bin Haji MD Yussof រដ្ឋមន្ត្រីការពារជាតិ ប្រុយណេដារ៉ូសាឡាម សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូយោធាជាន់ខ្ពស់ ក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) កិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី តាមប្រព័ន្ធ online នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការពារជាតិ បាន ឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះរួមមាន៖

១. នៅក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងចូលរួមចែករំលែកទស្សនៈ ស្ដីពីអនាគតនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន។

២. នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-សាធារណរដ្ឋកូរ៉េ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងចូលរួមពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការ ពហុភាគី ក្នុងការយកឈ្នះ លើការគំរាមកំហែង ផ្នែកសន្តិសុខដែលមិនមែន ប្រពៃណីដូចជា សន្តិសុខ លម្ហសមុទ្រ ការសង្គ្រោះគ្រោះមហន្តរាយ។

៣. ស្របគ្នានឹងកិច្ចប្រជុំនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី។ ក្នុងកិច្ចប្រជុំនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹង៖
ក) ចូលរួមពិនិត្យលើ បច្ចុប្បន្នភាពសកម្មភាពពង្រឹងការចូលរួម របស់អូស្ត្រាលីជាមួយអាស៊ាន
ខ) ការរៀបចំសកម្មភាពរបស់ អូស្ត្រាលីជាមួយអាទិភាពអាស៊ាន
គ) កំណត់ទិសដៅអនាគត សម្រាប់ភាពជាដៃគូអាស៊ាន-អូស្ត្រាលី។

៤. នៅចុងបញ្ចប់កម្មវិធី សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងចូលរួមពិធីប្រគល់-ទទួល ជាប្រធានADMM 2022 ពីរដ្ឋមន្ត្រីការពារជាតិទី២ ប្រុយណេ៕

To Top