ព័ត៌មានជាតិ

កម្ពុជា អំពាវនាវសមាជិកអាស៊ាន ដោះស្រាយ ឱ្យកាន់តែមានប្រសិទ្ធភាព លើករណីគ្រឿងញៀន

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការអំពាវនាវដល់ប្រទេស ជាសមាជិកអាស៊ាន ទាំងអស់ត្រូវដោះស្រាយរួមគ្នា ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត លើករណីគ្រឿងញៀន ខណៈបញ្ហាគ្រឿងញៀននេះ កំពុងនៅតែជាកង្វល់ ទាំងក្នុងតំបន់អាស៊ាន ក៏ដូចជាពិភពលោកនោះ ។

ការអំពាវនេះធ្វើឡើង ក្នុងឱកាស កម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំក្រុមការងារ ត្រួតពិនិត្យគ្រឿងញៀន ប្រចាំកំពង់ផែអាស៊ាន លើកទី៦ ជាមួយបណ្ដាប្រទេស អាស៊ានទាំង១០ និងមន្ត្រីលេខាធិការដ្ឋានអាស៊ាន តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ថ្លែងក្នុងនាមម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានគូសបញ្ជាក់ថា ទោះបីយើងកំពុងជួបវិបត្តិ នៃជំងឺកូវីដ19 តែបញ្ហាគ្រឿងញៀននៅតែជាកង្វល់និងសម្គាល់ឃើញថា មិនមានសញ្ញាថយចុះ បើតាមរបាយការណ៍គ្រឿងញៀន ពិភពលោក និងរបាយការណ៍គ្រឿងញៀនប្រចាំប្រទេសអាស៊ាន។

ប្រធានកិច្ចប្រជុំ បានគូសបញ្ជាក់ថា គ្រឿងញៀនសំយោគ និងសារធាតុគីមីផ្សំ ត្រូវបានចរាចរណ៍នៅក្នុងតំបន់ដើម្បីផ្គត់ផ្គង់ទីផ្សារ គ្រឿងញៀនក្រោមការចាត់ចែង ដោយឧក្រិដ្ឋជនអន្តរជាតិក្នុងរូបភាពជាបទល្មើសឆ្លងកាត់ព្រំដែន ដោយឧក្រិដ្ឋជន បានចាត់ចែងបទល្មើសក្រោមរូបភាព កាន់តែស្មុគស្មាញ និងពិបាកត្រួតពិនិត្យ។

ប្រធានកិច្ចប្រជុំ បានបន្តលើកឡើងថា៖ «ខ្ញុំសង្ឃឹមជឿជាក់ថាកិច្ចប្រជុំយើងថ្ងៃនេះនឹងបន្តរួមគ្នាបន្តគិតពិចារណា និងស្វែងរកការផ្ដួចផ្ដើមគំនិតថ្មីៗថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យយន្តការទាំងអស់ត្រូវបានបន្តពង្រឹង និងពង្រីក ស្របតាមស្ថានភាពវិវត្តន៍ប្រែប្រួលនៃបញ្ហាគ្រឿងញៀន ក្នុងបរិបទជំងឺកូវីដ១៩»។

គោលបំណងសំខាន់ នៃកិច្ចប្រជុំលើកនេះរួមមាន៖

  1. ព័ត៍មានបច្ចុប្បន្នភាព និងស្ថានភាពគ្រឿងញៀន
  2. ធ្វើបច្ចប្បន្នភាព មន្ត្រីទំនាក់ទំនងរបស់ក្រុមការងារ ត្រួតពិនិត្យគ្រឿងញៀនកំពង់ផែ
  3. កិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត ដើម្បីលើកកម្ពស់និងពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់
  4. បញ្ហាផ្សេងៗ៕
To Top