ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ការដោះលែងសកម្មជនមួយចំនួន ដែលតាំងខ្លួនឯង ជាអ្នកជាស្នេហាជាតិ ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ គឺជារឿងរបស់តុលាការ គ្មានការគាបសង្កត់ ពីខាងណានោះទេ ។

លោក សុខ ឥសាន បានថ្លែងក្នុងបណ្តាញតេឡេក្រាម នាថ្ងៃ១២ វិច្ឆិកា ថា “ការដោះលែងសកម្មជនក្រុមឧទ្ទាមក្រៅច្បាប់ គឺជារឿងតុលាការស្របតាមច្បាប់ និងពិរុទ្ធភាពរបស់សាម៉ីជនម្នាក់ៗ” ។

លោកបន្តថា ការដាក់ឲ្យនៅក្រោមការត្រួតពិនិត្យ របស់តុលាការ គឺជានីតិវិធី ដើម្បីឲ្យសាម៉ីជនកែខ្លួន ទៅជាពលរដ្ឋល្អដូចគេឯង ហើយលោកថា បើចង់កែខ្លួន គប្បីកុំភ្លើតភ្លើនតាមការចាក់ ពីក្រោយរបស់ជនមួយចំនួន។

សូមបញ្ជាក់ថា លោក កើត សារ៉ាយ គឺជាអតីតព្រះសង្ឃ និង លោក មួង សុភ័ក្រ ព្រមទាំងយុវជនមួយចំនួនទៀតត្រូវបានចាប់ខ្លួនកាលពីដើមឆ្នាំ២០២១នេះ ដោយសារពាក់ព័ន្ធនឹងការតវ៉ាខុសច្បាប់ក្នុងករណីទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ។

នៅថ្ងៃ៥ វិច្ឆិកា តុលាការបានដោះលែង លោក កើត សារ៉ាយ លោក មាន ព្រហ្មមុនី និង លោក ឡា ថាវី និង លោក មួង សុភ័ក្រដោះលែងនាថ្ងៃ១១ វិច្ឆិកា ហើយសម្រាប់សកម្មជនអតីតបក្សប្រឆាំងលោក ប៉ែន ច័ន្ទសង្គ្រាម ក៏នឹងត្រូវដោះលែងនៅប៉ុន្មានខាងមុខនេះដែរ ៕
