ភ្នំពេញ ៖ បន្ថែមពីលើពិធីមង្គលការ និងជួបជុំបែបសាសនា សម្ដេចតេជោ ហ៊ុន សែន នាយករដមន្រ្តីនៃកម្ពុជា បានប្រកាសអនុញ្ញាតឲ្យមានការជួបជុំទាំងអស់ របស់ប្រជាពលរដ្ឋ, យុវជន សិស្ស និង និស្សិត, កម្មករ-និយោជិត, ក៏ដូចជាការជួបជុំរបស់មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ រួមបញ្ចូលទាំងការជួបជុំស្របតាមច្បាប់អនុញ្ញាត ដែលរៀបចំឡើងដោយគណបក្សនយោបាយនានាផងដែរ។
នៅលើគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោបានមានប្រសាសន៍ថា «ខ្ញុំសូមបញ្ជាក់បន្ថែមថា ការជួបជុំដោយមិនកំណត់ ចំនួនមនុស្សចូលរួម តែត្រូវគោរពតាមវិធានសុខា ភិបាល ដើម្បីការពារសុវត្ថិភាព ពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។ នេះក៏ត្រូវបានអនុញ្ញាតដូចគ្នាដែរ សម្រាប់ការជួបជុំជាទូទៅផ្សេងទៀត ដើម្បីបំពេញការងារ ឬធ្វើសកម្មភាព និងប្រារព្ធពិធីផ្សេងៗ រួមមាន ការជួបជុំរបស់ប្រជាពលរដ្ឋ, យុវជន សិស្ស និង និស្សិត, កម្មករ-និយោជិត, ក៏ដូចជាការជួបជុំរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ រួមបញ្ចូលទាំងការជួបជុំស្របតាមច្បាប់អនុញ្ញាត ដែលរៀបចំឡើងដោយគណបក្សនយោបាយនានាផងដែរ »។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាស អនុញ្ញាតឲ្យរៀបចំពិធី មង្គលការ និងកម្មពីធីសាសនានានា ដោយមិនកំណត់ ចំនួនមនុស្ស ប៉ុន្តែត្រូវកំណត់ទំហំទីតាំង និងអ្នកចូលរួមត្រូវធានាថា បានទទួលចាក់វ៉ាក់សាំងកូវីដ១៩ រួចរាល់៕