ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា អាមេរិកតែតែងបំពានលើកម្ពុជា ដើម្បីតែផលប្រយោជន៍របស់ខ្លួន និងការកេងចំណេញ នៅក្នុងការរប្រកួតប្រជែង ភូមិសាស្រ្តនយោបាយ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា «អាមេរិកនៅតែយកបញ្ហា នៃការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ជាលេសសម្រាប់ធ្វើការកៀបសង្កត់ ទោះបីជាកម្ពុជាខិតខំបង្ហាញអំពីភាពស្មោះត្រង់ សម្បទាន សុច្ចរិត និងស្មារតីរក្សាមិត្តភាព យ៉ាងណាក៏ដោយ។ សម្រាប់បញ្ហាមូលដ្ឋានរាមនេះ ក្រសួងការពារជាតិបានបកស្រាយជាច្រើនលើកច្រើនសារស្ទើរតែគ្រប់រូបភាព ដើម្បីបញ្ជាក់ថា អធិបតេយ្យរបស់ខ្លួន កំពុងត្រូវបានការពារ យ៉ាងដាច់ខាត ហើយ ការធ្វើទំនើបកម្មនេះទៀតសោត ពុំមែនជាការគំរាមកំហែង ដល់សន្តិសុខរបស់ប្រទេសណាមួយ ដូចការចោទប្រកាន់ទាំងនោះទាល់តែសោះ»។
ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បានអះអាងថា ខ្លួនតែងតែបង្ហាញនូវសុឆន្ទៈ គោរពអធិបតេយ្យរបស់ប្រទេសដទៃ ដោយចាត់ទុកថា គឺជាការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងមិនចង់ឲ្យមានអរិភាព រវាងគ្នា។
សេចក្ដីប្រកាសបញ្ជាក់ថា «ផ្ទុយ ទៅវិញ អាមេរិកតែងតែបំពានមកលើកម្ពុជាជានិច្ចកាល ដើម្បីតែផលប្រយោជន៍របស់ខ្លួន និងការកេងចំណេញនៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ»។
ក្រសួងការពារជាតិ សូមធ្វើការប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះទង្វើអមិត្តរបស់អាមេរិក ហើយចាត់ទុកថា ការប៉ុនប៉ងប្រកបដោយមហិច្ឆតាឈ្នានីស និងទម្លាប់រំលោភលើអធិបតេយ្យរបស់អ្នកដទៃនេះ នឹងមិនបានទទួលជោគជ័យជាដាច់ខាត នៅក្នុងការធ្វើឲ្យកម្ពុជាត្រឡប់ទៅរកសោកនាដ កម្ម ដែលបង្កឡើងដោយការជ្រៀតជ្រែកពីខាងក្រៅ សាជាថ្មីទៀតនោះឡើយ។ ទោះជាក្នុងតម្លៃណាក៏ដោយ យើងប្រកាន់ជំហររឹងមាំ នៅក្នុងការការពារផលប្រយោជន៍របស់កម្ពុជា និងខិតខំកសាងទំនាក់ទំនងល្អ ជាមួយបណ្តាមិត្តភ័ក្រ្តទាំងឡាយ ដែលប្រកាន់យកសុឆន្ទៈ គោរពផលប្រយោជន៍គ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់ និងអ្នករកស៊ីខ្មែរចំនួន៥នាក់ហើយ រួមមាន ៖ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស លោក គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ចៅ ភិរុណ លោក ទៀ វិញ និងលោកឧកញ៉ា ទ្រី ភាព ៕