ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក សហការជាមួយទាហានការពារព្រំដែន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រទះឃើញ និង ប្រមូលកាំភ្លើងវែង ចំនួន៤៣ដើម ពីក្នុងទៅតាំង ចម្ការមៀន មួយកន្លែង ដែលជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ ដែលទីតាំងស្ថិត ក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

សមត្ថកិច្ចនគរបាល ស្រុកភ្នំព្រឹក បានអោយដឹងថា កាំភ្លើងចាស់ៗ ដែលសមត្ថកិច្ចប្រទះឃើញ និង ប្រមូលបានខាងលើនេះ រួមមាន៖ កាំភ្លើងវែង ប្រភេទអាកាស្វ័យ AK ចំនួន៤០ដើម បង់ចំនួន៤៧បង់ និងកាំភ្លើង M79 ចំនួន៣ដើម ។

សមត្ថកិច្ចនគរបាល បានបញ្ជាក់ថា បច្ចុប្បន្ននេះ, កាំភ្លើងដែលប្រមូល បានខាងលើ ត្រូវបានប្រគល់ជូនទៅ អង្គភាព ការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បី រក្សាទុកអោយបានល្អ និង ធ្វើការសិក្សាស្រាវជ្រាវ ស្វែងរកប្រភព នៃ ការលាក់កាំភ្លើងទាំងនោះ៕
ដោយ រស្មី អាកាស
