ភ្នំពេញ ៖ តុលាការនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសលក់ទីស្នាក់ការ អតីតគណបក្សសង្គ្រោះជាតិ ។ នេះបើយោងតាមផេក របស់លោក គង់ សាភា អតីតមន្រ្តីបក្សសង្រ្គោះជាតិ ។
លោកថា ការដាក់លក់នេះ ដើម្បីបំបាក់ទឹកចិត្ត និងស្មារតីរបស់សកម្មជន និងអតីតមន្ត្រី គណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋានតែប៉ុណ្ណោះ ។
យោងតាមដីកាសម្រេច ចាប់ផ្តើមលក់ដោយបង្ខំ របស់លោក អ៊ឹម វណ្ណៈ ចៅក្រមអនុវត្តសាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា រវាងម្ចាស់បំណុល នៃការអនុវត្ត សម្តេច ហេង សំរិន និងកូនបំណុល នៃការអនុវត្ត លោក សម រង្ស៊ី ។ ការលក់នេះ ដើម្បីទទួលបានការសង តាមអំណាចសាលដីកា ស្ថាពរចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល ។
ដីកាបន្តថា សិទ្ធិបំណុល ដែលទាមទារប្រាក់ ចំនួន២៥០,០០០,០០០លានរៀល ។
ករណីប្តឹងផ្តល់រវាងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងលោក សម រង្ស៊ីនេះ បានកើតឡើងតាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៥មកម្ល៉េះ ។ លោក សម រង្ស៊ី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ បានសរសេរលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា ក្នុងរបបដែលកើតឡើងនៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ បានកាត់ទោស ប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថា ជាជនក្បត់ជាតិ។
សម្តេច ហេង សំរិន បានប្តឹងលោក សមរង្ស៊ី ពីបទបរិហារកេរ្តិ៍ បន្ទាប់ពីលោកសម រង្ស៊ី បានបង្ហោះវីដេអូ មួយដែលចោទថា របបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានកាត់ទោសព្រះនរោត្តមសីហនុ ថា ជាជនក្បត់ជាតិ ៕