ព័ត៌មានជាតិ

WHO ៖ កម្ពុជា គឺជាជើងឯកថែរក្សា តុល្យាភាពរវាង ការគ្រប់គ្រងជំងឺកូវីដ ហេីយបើកប្រទេសឡើងវិញ

ភ្នំពេញ ៖ លោកស្រី លី អាយទ្បែន នាយិកាអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានឲ្យដឹងថា កម្ពុជា គឺជាជើងឯកមួយ ក្នុងការថែរក្សាតុល្យាភាពបានរវាង ការគ្រប់គ្រងជំងឺកូវីដ-១៩ ព្រមទាំង បើកប្រទេសឡើងវិញ ប្រកដោយចីរភាព។

ក្នុងឱកាសប្រគល់-ទទួល វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astrazeneca ចំនួន៣២៤,០០០ដូសបន្ថែមទៀត ដែលផ្ដល់ជូនតាមរយៈយន្ដការកូវ៉ាក់ មកដល់ប្រទេសកម្ពុជា នាល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី លី អាយឡែន បានជូនពរកម្ពុជា ឱ្យ​ទទួលបានជោគជ័យ ក្នុងការបើកប្រទេសឡើងវិញ។

លោកស្រី បានបញ្ជាក់ថា «កម្ពុជា គឺជាជើងឯកមួយ នៅក្នុងការថែរក្សាតុល្យាភាពបានរវាង ការគ្រប់គ្រងហានីភ័យ នៃការឆ្លងមេរោគកូវីដ-១៩ ហើយហ្នឹងការបើកដំណើរការឡើងវិញ នូវ សង្គម-សេដ្ឋកិច្ច ប្រកបដោយចរីភាពមួយ»។

លោកស្រី បានបន្ដថា ការបើកប្រទេសកម្ពុជាឡើងវិញ ជោគជ័យ ឬមិនជោគជ័យ អាស្រ័យទៅលើប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានការសុខាភិបាលឲ្យបានជាប់ជានិច្ច។

លោកស្រី លី អាយទ្បែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងស្ថិតក្នុងដំណាក់កាលមួយ ដែលយើងកំពុងតែរៀនសូត្រ ចាប់ផ្ដើមដំណាក់កាលមួយរៀនសូត្រថ្មី នៃការបើកឡើងវិញ ហើយជោគជ័យ ឬបរាជ័យ ដែលយើងនឹងសម្រេចបាន គឺអាស្រ័យទៅលើ ការចូលរួមរបស់បុគ្គលម្នាក់ ការចូលរួមរបស់វិស័យនីមួយៗ ។ ប្រសិនបើយើងគ្រប់គ្រងវាបានល្អ គឺយើងជោគជ័យបន្ដទៀត ប៉ុន្ដែត្រឡប់មកវិញ បើយើងគ្រប់គ្រងមិនបានល្អទេ យើងអាចនឹងមានការកើនឡើងគហុកករណីឆ្លងកូវីដ-១៩ ឡើងវិញ»។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១១៩.៥៨៨នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១១៥.៩៧៩នាក់ និងអ្នកស្លាប់ ចំនួន២,៨៧២នាក់៕

To Top