ភ្នំពេញ៖ យុវតីពិការគរថ្លង់ឈ្មោះ សេង ចន្ថា អាយុ១៨ឆ្នាំ រស់នៅភូមិបន្ទាយទី១ ឃុំទួលពង្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានឪពុកឈ្មោះ កង សារ៉ន (គក់) អាយុ៥៣ឆ្នាំ និងម្តាយឈ្មោះ ហង់ ត្រប់ អាយុ៥២ឆ្នាំ បានស្នើសុំលោក ដួង តារា ជួយអន្តរាគមន៍ ដោយចោទប្រកាន់លោក ជា ថន (ហៅម៉ៅ) តួនាទីមន្ត្រីយោធាកងពលតូចលេខ៥១ ថាបានរំលោភលើសេចក្តីទុកចិត្តលើការទិញដីតែមិនបានឲ្យលុយគ្រប់ចំនួន។
ដោយតម្លៃដី ដែលលក់របស់យុវតី សេង ចន្ថា មានចំនួនសរុប៤៩,៥០០ដុល្លារ តែទទួលបានត្រឹមតែ២០,០០០ដុល្លារតែប៉ុណ្ណោះ ហើយត្រូវទទួលបានលុយ១៧,០០០ដុល្លាទៀត តែលោក ជា ថន មិនបានប្រគល់ឲ្យទេដោយប្រាក់នៅសល់ផ្សេងទៀតគឺទុកឲ្យកម្រៃជើងសារទៅលោក ជា ថន(ហៅម៉ៅ) (សូមបញ្ជាក់ថាដីនេះគឺឳពុករបស់នាងជាអ្នកចែកឲ្យ)
ក្រោយពីបានជួបលោក ដួង តារា និង បន្ទាប់ពីសាកសួរនាំ ដឹងថាយុវតីពិការខាងលើមិនត្រឹមតែគរថ្លង់នោះទេ គឺមានជំងឺក្អកធ្លាក់ឈាម ហើយចំពោះការដែលបានមកជួបលោកគឺម្តាយ ឪពុករបស់នាងបានប្រមែប្រមូលលក់មាន់ដើម្បីធ្វើដំណើរមកជួបលោក។
ដោយមើលឃើញពីទុក្ខលំបាកនេះ លោកក៏បានចំណាយថវិការផ្ទាល់ខ្លួនចំនួន៤០ម៉ីនរៀល ហើយឯកឧត្តមក៏បានស្នើឲ្យខាងមន្ទីពេទ្យប៊ីធន កម្ពុជាចិនជួយពិនិត្យព្យាបាល ជំងឺទៀតផង ចំពោះខាងមន្ទីពេទ្យក៏បានទទួលក្មេងស្រីដោយភាពកក់ក្តៅផងដែរ។
ក្រុមគ្រួសារខាងលើក៏បានថ្លែងអំណរគុណចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈលោក ដួង តារា និងសូមអរគុណនូវចិត្តមេត្តាចំពោះគ្រួសាររបស់ពួកគាត់ គុណបំណាច់មួយនេះក្រុមគ្រួសាររបស់គាត់មិនអាចបំភ្លេចបានទេ៕ (ហ្វេសប៊ុកផេក Duong Dara)