ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីចិន បានប្ដេជ្ញារួមគ្នាជំរុញ ពាណិជ្ជកម្មប្រទេសទាំងពីរ ឲ្យកើនឡើងដល់ ១០ពាន់លានដុល្លារ ក្នុង១ឆ្នាំ ហើយក៏បានឯកភាពគ្នា ដាក់ឲ្យចូលជាធរមាន នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន នាខែមករា ឆ្នាំ២០២២ ខាងមុខ។
ក្នុងជំនួបសន្ទនា តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានពិភាក្សាគ្នាទាក់ទងនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ។
ក្នុងក្របខណ្ឌទ្វេភាគី សម្តេចតេជោ និងលោក លី ខឺឈាំង បានពិភាក្សាគ្នាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម បញ្ហាកសិកម្ម និងបញ្ហា ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ។
ពាក់ព័ន្ធនឹងករណីនេះ សម្ដេចតេជោ និងលោក លី ខឺឈាំង បានឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ ឲ្យបានកើតឡើងដល់ ១០ពាន់លានដុល្លារ ក្នុង១ឆ្នាំ ហើយ ក៏បានឯកភាពគ្នា ដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន នៅខែមករាខាងមុខ។
ដោយឡែកលើវិស័យកសិកម្ម លោក លី ខឺឈាំង បានយល់ស្របនឹងជំរុញឲ្យមានការធ្វើការរួមគ្នារវាងភាគីទាំងពីរ ធ្វើយ៉ាងណា ពិភាក្សា ចរចាគ្នា លើកូតានាំអង្ករចូលទៅប្រទេសចិន និងកសិផលកម្ពុជា ចូលទៅប្រទេសចិនដោយផ្ទាល់ តែម្ដង តាមរយៈការបង្កើតយន្តការរួមគ្នាមួយ ពិនិត្យមើលលទ្ធផលទាំងឡាយណា ដែលត្រូវនាំចេញពីកម្ពុជា ទៅកាន់ ប្រទេសចិន គប្បីណាទាក់ទាញធ្វើឲ្យការនាំចេញនេះ គឺនាំចេញផ្ទាល់ទៅប្រទេសចិនតែម្ដង ។
ពាក់ព័ន្ធការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ និងលោក លី ខឺឈាំង បានឯកភាពគ្នាថា ភាគីចិន នឹងបន្តជួយដល់កម្ពុជាយើង ផ្ដល់ជូនកម្ពុជា នៅវ៉ាក់សាំងដើម្បីជួយទប់ស្កាត់ជំងឺកូវីដ-១៩ ហើយនៅពេលឆាប់ៗនេះ ប្រទេសចិន នឹងផ្ដល់វ៉ាក់សាំងដល់កម្ពុជា ក៏ដូចជាផ្ដល់នូវជំនួយពាក់ព័ន្ធនឹងវិស័យសុខាភិបាល និងពេទ្យព្យាបាលជំងឺ កូវីដ ដល់កម្ពុជាផងដែរ ។
លើសពីនេះទៀត ភាគីចិន នឹងផ្ដល់អាហារូបករណ៍ដល់កម្ពុជាសម្រាប់ឆ្នាំ២០២២-២០២៣ ចំនួន ៥៥០អាហារូបករណ៍ សម្រាប់រយៈពេល ៥ឆ្នាំ ហើយក៏កំពុងតែពិនិត្យពិចារណាមើលផងដែរ ដើម្បីបើកឲ្យនិស្សិតកម្ពុជា បានត្រឡប់ទៅបន្ត ការសិក្សានៅប្រទេសចិនវិញនាពេលឆាប់ៗនេះ។
ក្នុងក្របខណ្ឌសហប្រតិបត្តិការតំបន់ និងអន្តរជាតិ លោក លី ខឺឈាំង បានជម្រាបជូន សម្តេចតេជោ ហ៊ុន សែន ថា ភាគីចិន នឹង ចូលរួមប្រជុំអាស៊ី-អឺរ៉ុបនាពេលខាងមុខ នឹងផ្ដល់ការគាំទ្រជំនួយដល់កម្ពុជា ក្នុងឱកាសដែលកម្ពុជា ធ្វើជាប្រធានអាស៊ាននាឆ្នាំក្រោយនេះ ផងដែរ៕