ភ្នំពេញ៖ ប្រធានាធិបតីមហាអំណាចផុតលេខ ទាំងពីរលើពិភពលោក ចិន និងអាមេរិក នៅពេលនេះ កំពុងជួបពិភាក្សាគ្នា តាមរយៈវិដេអូខន់ហ្វឺរិន នៅថ្ងៃអង្គារ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើតាមផ្សាយរបស់បណ្តាញទូរទស្សន៍ FOX News។
ជាកិច្ចចាប់ផ្តើម លោក ចូ ប៊ៃឌិន បានសម្តែងនូវគាវរកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះលោកប្រធានាធិបតីចិន ស៊ី ជីនពីង ពីរដ្ឋធានីវ៉ាស៊ីនតោន ទីដែលប្រធានាធិបតីទាំង២ ជួបប្រាស្រ័យគ្នា ជាលើកដំបូង ក្រោយពីវិបត្តិជំងឺរាតត្បាតជាសាកល កូវីដ១៩ បានថមថយស្រាកស្រាន ក្រោយវ៉ាក់សាំងជាច្រើនរយលានដូស ត្រូវបានចាក់ ជូនមនុស្សម្នា នៅទូទាំងពិភពលោក។
លោក ចូ បានថ្លែងថា ការប្រកួតប្រជែងរបស់ប្រទេសទាំង២ នឹងមិនក្លាយជាឧបសគ្គដល់ឧបសគ្គនានា ដែលកំពុងកើតមាននោះទេ តួយ៉ាងដូចជា ជំងឺរាតត្បាតសាកល និងការប្រែប្រួលអាកាសធាតុ ជាដើម។ “យើងគួរតែ បង្កើតឱ្យមានយន្តការរួមមួយ ដើម្បីដោះស្រាយបញ្ហាខ្វែងគំនិតគ្នា ប្រកបដោយភាពស្មោះត្រង់ ជាពិសេសកិច្ចសហប្រតិបត្តិការរួមគ្នា ក្នងការប្រយុទ្ធប្រឆាំងបំរែបំរួលអាកាសធាត។ យើងត្រូវរួមគ្នាដោះស្រាយបញ្ហាជាសាកលរួមគ្នា ប្រកបដោយដោយការទទួលខុសត្រូវខ្ពស់ ក្នុងឋានៈយើងជាប្រទេសដឹកនាំពិភពលោក ដ៏សំខាន់”។
លោក បន្តថា “យើងសង្ឃឹមថា កិច្ចពិភាក្សានៅថ្ងៃនេះ នឹងផ្តោតទៅលើក្តីកង្វល់មួយចំនួន អំពីបញ្ហាមនុស្សជាតិ សេដ្ឋកិច្ច ដើម្បីធានាបាន នូវបញ្ហាមួយ ដែលគេហៅហថា សេរីនិងបើកចំហរ ឥណ្ឌូប៉ាស៊ីហ្វិក។ ខ្ញុំថា វាជារឿងមួយដ៏សំខាន់ ដូចដែលខ្ញុំធ្លាប់បាន ជាមួយបណ្តាមេដឹកនាំពិភពលោកដូច្នោះដែរ អំពីទំនាក់ទំនងរបស់យើង ថា យើងនឹងជជែកគ្នាទៅវិញទៅមក ដោយភាពស្មោះត្រង់ ហើយថា យើងមិនដែលដើរចេញ ពីបញ្ហានោះទេ ក្នុងទំនាក់ទំនងរបស់យើង”។
លោកប្រធានាធិបតី ចិន ស៊ី ជីនពីង បានលើកឡើងថា “សួស្តីលោកប្រធានាធិបតី និងសហការីរបស់លោក ទាំងអស់គ្នា។ នេះជាលើកដំបូងហើយ សម្រាប់យើងជួបពិភាក្សាគ្នា តាមវីដេអូខន់ហ្វឺរិន វាមិនល្ អដូចយើងជូបគ្នា ដោយផ្ទាល់ទល់មុខក្តី ប៉ុន្តែសម្រាប់ខ្ញុំ មានក្តីបតិសោមនស្សរីករាយ ដោយបានជួបមិត្តចាស់របស់ខ្ញុំ។ នាពេលបច្ចុប្បន្ននេះ ចិន អាមេរិក ស្ថិតក្នុងដំណាក់ដ៏សំខាន់នៃការវិវឌ្ឍនានា មនុស្សជាតិរស់នៅនៅក្នុងសហគមន៍ប្រជាជាតិមួយ ហើយយើងកំពុងជួបប្រទះនូវការគំរាមកំហែងនានា ជាមួយគ្នា។ ក្នុងឋានៈជាប្រទេស មានកំណើនសេដ្ឋកិច្ច ធំជាងគេ លើពិភពលោក និងជាសមាជិកក្រុមប្រឹក្សាអចិន្រ្តៃយ៍ សន្តិសុខ អង្គការសហប្រជាជាតិ (UNSC) ប្រទេសចិន និង អាមេរិក ចាំបាច់ត្រូវបង្កើន ការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការ”។ “យើងត្រូវធ្វើការទទួលខុសត្រូវរួមគ្នា ជាអន្តរជាតិ និងធ្វើការជាមួយគ្នា លើវឌ្ឍនភាពពិភពលោក និងសន្តិភាពលោក។ នេះជាគឺជាបំណងប្រាថ្នារួម របស់ប្រជាជាតិយើងទាំងពីរ និងនៅជុំវិញពិភពលោក ក៏ដូចជាការរួបគ្នារបស់មេដឹកនាំចិន និងអាមេរិក ”។
លោក ស៊ី បន្តថា “ចិន និងអាមេរិក គួរតែគោរពគ្នាទៅវិញទៅមក ប្រកបដោយសន្តិសហវិជ្ជមាន ដោយឈរលើគោលការណ៍ កិច្ចសហប្រតិបត្តិការ ឈ្នះ ឈ្នះ ទាំងអស់គ្នា។ ខ្ញុំបានត្រៀមខ្លួន រួចរាល់ហើយ ធ្វើការជាមួយ លោកប្រធានាធិបតី ទៅលើចំណុចកុងសង់ស៊ីស និងសកម្មភាពជាក់ស្តែង ទៅលើទំនាក់ទំនងចិន អាមេរិក ទៅមុខដោយមាគ៌ាដ៏ត្រឹមត្រូវ។ ធ្វើបែបនេះបាន គឺជាការរក្សាបាន នូវផលប្រយោជន៍របស់ប្រជាជនយើង ទាំងពីរ និងការបំពេញតម្រូវការ ជាក់ស្តែងរបស់សហគមន៍អន្តរជាតិ ថែមទៀតផង”។
ដោយៈ សយ សុភា