នយោបាយ

លោក សុខ ឥសាន ៖ ប្រកាសលក់ឡៃឡុង អតីតស្នាក់ការ អតីតបក្សសង្រ្គោះជាតិ គឺជាការផ្តាច់ ឬសគល់តែម្តង (Video)

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា ការប្រកាសលក់ឡៃឡុង អតីតទីស្នាក់ការរបស់អតីត គណបក្សសង្រ្គោះជាតិ(CNRP) គឺជាការផ្តាស់ឬសគល់ របស់អតីតគណបក្សប្រឆាំងនេះតែម្តង ។

លោក សុខ ឥសាន បានលើកឡើង តាមបណ្តាញតេឡេក្រាម នាថ្ងៃ១៦ វិច្ឆិកាថា “ការលក់ឡៃឡុងអតីតទីស្នាក់ការ របស់អតីតបក្សប្រឆាំង គឺជាការផ្តាច់ឫសគល់ របស់អតីតបក្សប្រឆាំងតែម្តង” ។

ប៉ុន្តែទោះបីជាយ៉ាងណា ក៏លោកអះអាងថា ការប្រកាសលក់ឡៃឡុង អតីតទីស្នាក់ការអតីតបក្សប្រឆាំងនេះ គឺអនុវត្តតាមសាលក្រមរបស់តុលាការ ត្រឹមត្រូវទៅតាមផ្លូវច្បាប់។

ក្រោយប្រកាសដាក់លក់ អតីតស្នាក់ការបក្សប្រឆាំងនេះ មានអ្នករិះគន់ជាបន្តបន្ទាប់ ប៉ុន្តែលោក សុខ ឥសាន បានតបទៅវិញថា អ្នកដែលរិះគន់នេះ គឺជាក្រុមឧទ្ទាមក្រៅច្បាប់ ដែលជាក្រុមជនល្មើស ចំណែកការប្រព្រឹត្តល្មើសធ្ងន់ធ្ងរវិញ ពួកគេមិនហ៊ាននិយាយទេ ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ តុលាការកម្ពុជាបានប្រកាសលក់ អតីតទីស្នាក់ការ អតីតគណបក្សសង្គ្រោះជាតិ ដោយបង្ខំដើម្បីយកលុយ មកសងដើមបណ្តឹង ដែលមានរួមមាន ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា , សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងតម្លៃសរុបនៃបណ្តឹង៣ករណីនេះ មាន ចំនួន ២៥០,០០០,០០០លានរៀល ៕

To Top