ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើឲ្យអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កសាងរោងចក្រ ផលិតទឹកស្អាត ថ្មីមួយកន្លែងទៀត នៅសណ្តរស្ទឹងព្រែកត្នោត ភាគខាងលិចរាជធានីដើម្បីចែកជូន ទៅប្រជាពលរដ្ឋ ចំនួន៣ខណ្ឌ ខណៈការផ្តល់ទឹកស្អាតមិនទាន់គ្រប់គ្រាន់។
ក្នុងឱកាសអនុញ្ញាតឲ្យលោក ឡុង ណារ៉ូ អគ្គនាយក រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ ចូលជួបសម្តែងការគួរ សម នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឃួង ស្រេង បានលើកឡើងថា ទោះមិនមែនជាជំនាញ ពាក់ព័ន្ធការងារ ផលិតទឹកស្អាត ប៉ុន្តែលោកមើលឃើញ និងចង់ឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បង្កើតរោងចក្រផលិតទឹកស្អាតមួយថ្មីទៀត នៅសណ្តរស្ទឹង ព្រែក ត្នោត ពោរគឺយកទឹកពីស្ទឹងព្រែកត្នោត មកផលិតជាទឹកស្អាត ដើម្បីផ្គត់ផ្គង់ទឹកស្អាតទៅឲ្យប្រជាពលរដ្ឋ រស់នៅ ខណ្ឌ៣នៅជាយក្រុង រួមមាន៖ ខណ្ឌកំបូលខណ្ឌ ខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ ។
ក្នុងឱកាសនោះ លោកក៏បានចាត់លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ធ្វើការណែនាំអាជ្ញាធរ មូលដ្ឋាន ចុះត្រួតពិនិត្យពីការយកតម្លៃទឹកស្អាតពីកម្មករ កម្មការិនី នៅតាមផ្ទះជួល ធ្វើយ៉ាងណាសម្របសម្រួលជាមួយម្ចាស់ផ្ទះជួលកុំឲ្យយកតម្លៃទឹកស្អាតថ្លៃហួសហេតុពេក ។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា មានកម្មករកម្មការិនីរោងចក្រ ប្រមាណជាង៦០ម៉ឺននាក់ បាននិងកំពុងបំពេញការងារ នៅតាមបណ្តារោងចក្រនានា នៅក្នុងរាជធានីភ្នំពេញ ភាគច្រើន មកជួលផ្ទះគេស្នាក់នៅ ។
ក្រោយជំនួបនោះ រដ្ឋបាលរាជធានីភ្មមពេញ ក៏ទទួលបានអំណោយ នូវអង្ករចំនួន២០តោន អាកុល២០កាន និងម៉ាស់ចំនួន២០០០០ម៉ាស់ ពីអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញផងដែរ ដើម្បីយកទៅជូនប្រជាពលរដ្ឋ និងប្រើបាស់សម្រាប់វិធានការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ៕