ភ្នំពេញ ៖ នៅក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ខាងមុខនេះ ខណៈប្រជាពលរដ្ឋត្រៀមការជួបជុំ ធ្វើដំណើរកម្សាន្ត ទីជិតទីឆ្ងាយ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញសារអប់រំជាវីដេអូជាច្រើន ក្នុងន័យដាស់តឿនក្រើនរំលឹក ដល់ប្រជាពលរដ្ឋឲ្យបន្តប្រុងប្រយ័ត្ន និងចូលរួមការពារការចម្លងនូវជំងឺរាតត្បាត កូវីដ១៩ ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមបណ្តាញតេឡេក្រាម បានធ្វើការរំលឹកពីការការពារខ្លួន កុំឲ្យក្លាយជាភ្នាក់ងារចម្លងមេរោគ ទៅកាន់មនុស្សជាទីស្រលាញ់ ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកដទៃផ្សេងទៀត ដោយភ្ជាប់ជាមួយនិងវីដេអូអប់រំ ជាច្រើន ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានលើកឡើងថា “ការផ្សព្វផ្សាយវីដេអូអប់រំនេះ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ខណៈមានការបើកទូលាយវិស័យបន្ថែមទៀតរួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ជាដើម តាមប្រសាសន៍ របស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ” ។

លោកបន្តក៏បានអំពាវនាវ ឲ្យជម្រុញផ្សព្វផ្សាយផុសផុលអំពីស្ពតណែនាំ ជំងឺកូវីដ១៩ តាមរយៈស្ថាប័នរៀងៗខ្លួន ក៏ដូចជាតាមហ្វេសប៊ុក ក្នុងន័យក្រើនរំលឹកប្រជាពលរដ្ឋដែលនឹងកំពុងសប្បាយរីករាយក្នុងថ្ងៃបុណ្យ កុំឲ្យធ្វេសប្រហែស ប៉ុន្តែត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ៣ការពារ ៣កុំ៕
