ព័ត៌មានជាតិ

ប្រធានរដ្ឋសភា ផ្ញើសារអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក

ភ្នំពេញ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា ទោះបីឆ្នាំនេះ រាជរដ្ឋាភិបាលមិនបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញដោយសារជំងឺកូវីដ-១៩យ៉ាងណាក្តី តែមន្រ្តីរាជការ កម្មករនិយោជិត ទំាងក្នុងវិស័យរដ្ឋនិងឯកជន បានឈប់សម្រាកពីការងារនិងជាឱកាសល្អមួយ នៅក្នុងការជួបជុំគ្រួសារ ឬធ្វើដំណើរកម្សាន្ត តាមរមណីយដ្ឋានទេសចរណ៍នានា។

តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១៨ វិច្ឆិកានេះ សម្ដេច ហេង សំរិន បានលើកឡើងបន្ថែមថា ប្រទេសជាតិមានសុខសន្តិភាព សុវត្ថិភាព ផ្លូវគមនាគមន៍ល្អ ធ្វើឲ្យការធ្វើដំណើរទេសចរណ៍ បាននៅគ្រប់កន្លែង ស្របពេលដែលការបើកប្រទេសឡើងវិញ លើគ្រប់វិស័យនោះ។ រមណីយដ្ឋានទេសចរណ៍វប្បធម៌ ធម្មជាតិ និងកែច្នៃ មិនថានៅក្នុងរាជធានីភ្នំពេញ និងតាមខេត្តនានា បានត្រៀមរៀបចំទទួលស្វាគមន៍ភ្ញៀវទេសចរ ជាមួយការអនុវត្តតាម វិធានសុខាភិបាលយ៉ាងម៉ឹងម៉ាត់ ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។

សម្ដេចបញ្ជាក់ថា”យើងបានធូរស្រាល ពីជំងឺកូវីដ-១៩ ដោយសារយុទ្ធសាស្រ្តវ៉ាក់សំាងរបស់រាជរដ្ឋាភិបាលតែយើង មិនត្រូវធ្វេសប្រហែស ភ្លេចការពារខ្លួននោះឡើយ។ សូមជនរួមជាតិបន្តអនុវត្តវិធានការ “៣កុំ ៣ការពារ” ជាប់ជាប្រចាំ និងឱ្យបានហ្មត់ចត់ជាទីបំផុត ដើម្បីចៀសឆ្ងាយពីជំងឺដ៏កាចសាហាវនេះ”។

សម្ដេចប្រធានរដ្ឋសភា បានជូនពរដល់ជនរួមជាតិ ទទួលបានសេចក្តីសុខចម្រើន និងរីករាយគ្រប់ក្រុមគ្រួសារ នៅក្នុងឱកាសឈប់សម្រាក និងសូមមានសុវត្ថិភាព ក្នុងការធ្វើដំណើរ ដោយត្រូវគោរពច្បាប់ចរាចរ និងចេះអធ្យាស្រ័យគ្នា នៅក្នុងការបើកបរ៕

To Top