ភ្នំពេញ៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំ ACMECS (កិច្ចពិភាក្សាយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ) លើកទី៣ តាមប្រព័ន្ធវីដេអូពី ក្រោមកិច្ចសម្របសម្រួល លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា។

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងស្វែងយល់ ពីវិធីផ្តល់គុណតម្លៃជាយុទ្ធសាស្ត្រ ដល់ក្របខណ្ឌកិច្ចសហប្រតិបត្តិការ ACMECS ក្នុងការបំពេញបន្ថែម ដល់យន្តការអនុតំបន់ផ្សេងទៀត ក៏ដូចជាដើម្បីប្រមូល ធាតុចូល និងមតិយបល់ពីភាគីពាក់ព័ន្ធទាំងអស់ សម្រាប់ការពិនិត្យពិចារណា មុនកិច្ចប្រជុំឧត្តមមន្ត្រីACMECS។
នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតួនាទីយ៉ាង សំខាន់របស់ ACMECS ក្នុងការជួយបំពេញបន្ថែមទៅលើការ កសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបានជម្រាបជូនអង្គប្រជុំ អំពីលទ្ធផលនិងបញ្ហាអាទិភាពដែលជាលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ាន ដែលឯកឧត្តមទេសរដ្ឋមន្ត្រីបានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំ កាលពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ ២០២១។
សូមបញ្ជាក់ថា ACMECS ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ មានប្រទេសជាសមាជិកចំនួន ៥ រួមមាន៖ កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងថៃ មានគោលបំណងតភ្ជាប់ គម្លាតសេដ្ឋកិច្ចក្នុង ចំណោមប្រទេសទាំងអស់ជាសមាជិក និងលើកកម្ពស់វិបុលភាព នៅក្នុងអនុតំបន់ប្រកបដោយនិរន្តរភាព។ ក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្មីនេះ ត្រូវបានរំពឹងថា នឹងដើរតួជាប្លុកអភិវឌ្ឍន៍ និងជំរុញអាស៊ានឲ្យឆ្ពោះទៅមុខក្នុងល្បឿនកាន់តែលឿនដោយឈរលើមូលដ្ឋានរឹងមាំ និងពឹងផ្អែកលើខ្លួនឯង និងវិបុលភាព រួមគ្នា៕


